ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់បន្លំលួចខ្សែដៃគេក្នុងផ្សារតាខ្មៅតែមិនបានសម្រេចត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាលៈ នារីម្នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការ បន្ទាប់ពីនារីសង្ស័យរូបនេះ ជិះម៉ូតូមកផ្សារតាខ្មៅ រួចចូលបន្លំធ្វើជាអ្នកទិញខ្សែរដៃដែលគេទុកក្នុងទូតាំងលក់ ខណៈឃើញម្ចាស់ជាអ្នកលក់ភ្លេចខ្លួន ក៏ធ្វើសកម្មភាពលួច ហើយព្យាយាមរត់គេច តែពុំបានសម្រេចនោះទេ ។ ករណីនេះ បានកើតឡើងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១២ ត្រងចំណុចផ្សារតាខ្មៅចាស់ ស្ថិតនៅក្នុងភូមិតាខ្មៅ​  សង្កាត់តាខ្មៅ នក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា នារីសង្ស័យឈ្មោះ ស៊ ស្រីដេត​ ភេទស្រី​ អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះពុំទាន់ស្គាល់ឈ្មោះ ភេទស្រី អាយុ៦០ឆ្នាំ មុខរបរលក់មាសក្នុងផ្សារតាខ្មៅចាស់ ។

ប្រភពដដែលបន្តថា កាលពីពេលវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានជិះម៉ូតូឌុបមកផ្សារតាខ្មៅចាស់ រួចដើរមកដល់តូបលក់មាសរបស់ស្ត្រីចំណាស់ម្នាក់ ហើយបានសុំមើលខ្សែរដៃមួយខ្សែពណ៍លឿង នៅពេលកំពុងតថ្លៃចុះឡើង ខណៈជនរងគ្រោះជាម្ចាស់តូបភ្លេចខ្លួនជនសង្ស័យក៏បានលួចខ្សែរដៃនោះរត់ចេញ  នៅពេលនោះជនរងគ្រោះបានស្រែកថា​ ចោរៗ ផ្អើលដល់ប្រជាពលរដ្ឋក៏ចាប់ខ្លួនបាន  ចំនែកខ្សែរដៃត្រូវបានជនរងគ្រោះយកទៅវិញ ហើយជនសង្ស័យក៏ត្រូវប្រគល់ឲ្យសមត្ថកិច្ចចាត់ការតែម្ដង ។

យោង​តាមចំលើយសារភាពរបស់ជនសង្ស័យបានប្រាប់ថា ខ្លួនពិតជាបានលួចខ្សែដៃខាងលើរបស់ជនរងគ្រោះពិតប្រាកដមែន ព្រោះស្រលាញ់ពេកគ្មានលុយទិញ ទេីបសម្រេចចិត្ត​ លួចតែម្តង​ទៅ ៕ ស្អាងជ័យ


ចែករំលែក៖