ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្ត សហការជាមួយកងរាជអាវុធហត្ថ ស្រុកឃាត់ខ្លួនតាមដីកា តុលាការ ខេត្តព្រៃវែង ក្នុងករណីប្រព្រឹត្តបទល្មើសបង្កហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសស្ថិតនៅភូមិពន្លៃ ឃុំអង្គាស ស្រុកមេសាង ខេត្តព្រៃវែង ។
ការឃាត់ខ្លួននេះ សមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅភូមិព្រៃតាធឹក ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចកងរាជអាវុធហត្ថ ស្រុកស្វាយទាបបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនមានឈ្មោះ ឃុន រត្នមុនី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិពន្លៃ ឃុំអង្គាស ស្រុកមេសាង ខេត្តព្រៃវែង ។
ប្រភពបន្តថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្វាយទាបដឹកនាំដោយលោកសឹង ប៉ន មេបញ្ជាការរងកងរាជអាវុធហត្ថ ស្រុកបានសហការជាមួយការិយាល័យព្រហ្មទណ្ឌនៃមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថ ខេត្តស្វាយរៀងអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តព្រៃវែង លេខ០៤/២០ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តព្រៃវែងបញ្ជាឲ្យឈ្មោះ ឃុនរត្នមុនី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិពន្លៃ ឃុំអង្គាស ស្រុកមេសាង ខេត្តព្រៃវែង បានប្រព្រឹត្តបទល្មើសករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ស្ថិតនៅភូមិពន្លៃ ឃុំអង្គាស ស្រុកមេសាង ខេត្តព្រៃវែង ចូលខ្លួនក្រោយប្រព្រឹត្តបទល្មើស ។
ក្រោយមកជនសង្ស័យបានរត់គេចខ្លួនមកស្នាក់នៅភូមិព្រៃតាធឹក ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ហើយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០វេលាម៉ោង១០និ៣០នាទីព្រឹក ការិយាល័យព្រហ្មទណ្ឌបានសហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្វាយទាប អនុវត្តដីកាបញ្ជាឲ្យចូលខ្លួនខាងលើ ។
បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន