ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសារពិសេសជូនជនរួមជាតិខ្មែរ ពាក់ព័ន្ធស្ថានភាពថ្មីៗ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារពិសេសមួយជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ជម្ងឺ COVID-19 បានក្លាយទៅជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់សកលលោក ពិសេសគឺសង្រ្គាមពាណិជ្ជកម្ម និងការថមថយនៃកំណើនសេដ្ឋកិច្ច។ ប្រការនេះ ក៏បានបង្កើតជាការព្រួយបារម្ភ និងភាពរំជើបរំជួលដល់វិនិយោគិន និយោជិត និងសាធារណជនផងដែរ។ រដ្ឋាភិបាលនៃប្រទេសជាច្រើននៅក្នុងតំបន់បានប្រញាប់ប្រញាល់ដាក់ចេញនូវ វិធានការ ដើម្បីជួយស្រោចស្រង់កាត់បន្ថយនូវផលប៉ះពាល់ និងគាំទ្រលើកស្ទួយនូវកំណើនសេដ្ឋកិច្ច។ ដូចប្រទេសដ៏ទៃទៀតនៅក្នុងតំបន់ ជម្ងឺ COVID-19 នេះក៏មានផលប៉ះពាល់មកលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជាដែរ មានវិស័យពីររងផលប៉ះពាល់ធ្ងន់ជាងគេគឺ៖ ទី១)-វិស័យ ទេសចរណ៍ ដោយមូលហេតុ អ្នកទេសចរមានការភ័យខ្លាចលែងហ៊ានធ្វើដំណើរកំសាន្ដ និង ការបិទជើងយន្ត-ហោះ និង ទី២)-វិស័យកាត់ដេរ ដោយសារការខ្វះវត្ថុធាតុដើម ត្បិតរោងចក្រមួយចំនួននៅប្រទេសចិនមិនទាន់បើកដំណើការឡើងវិញជាប្រក្រតី ។

សម្តេចតេជោបានបន្តទៀតថា នៅក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលក៏មិនឱបដៃនៅស្ងៀមមើលសហគ្រាស និងក្រុមហ៊ុនទទួលរងនូវផលប៉ះពាល់ក្មួយៗជាកម្មករ-និយជិតមួយចំនួនបាត់បង់ការងារហើយកំណើនសេដ្ឋកិច្ចថមថយធ្លាក់ចុះ ដែលអាចបង្កជាហានិភ័យដល់សង្គមជាតិទាំងមូលនោះឡើយ ។ អាស្រ័យហេតុនេះ ក្នុងស្មារតីបុរេសកម្មថ្ងៃនេះ រាជរដ្ឋាភិបាលបានសម្រេចចិត្តដាក់ចេញនូវវិធានអន្តរាគមន៍បន្ទាន់ ដើម្បីគ្រប់គ្រងផលប៉ះពាល់ចំពោះមុខ នៅក្នុងវិស័យមួយចំនួន ក្នុងគោលដៅធានាលំនឹងនៃសេដ្ឋកិច្ច និងសង្គម។ រាជរដ្ឋាភិបាលបានគិតគូរលើគ្រប់ទិដ្ឋភាព សំដៅជួយដល់គ្រប់តួរអង្គពាក់ព័ន្ធផង និងជំរុញលើកស្ទួយកំណើននៅតាមវិស័យដែលមានសល់សក្តានុពលផង រួមមាន៖ ទី១)ជួយដល់ក្រុមហ៊ុន​ដែលទទួលរងផលប៉ះពាល់ខ្លាំង ដើម្បីឲ្យក្រុមហ៊ុនទាំងនោះ អាចបន្តអាជីវកម្មបាននៅក្នុងពេលដ៏លំបាកនេះ ទី២)ជួយដល់កម្មករ-និយោជិត ក្នុងករណីត្រូវបាត់បង់ ឬត្រូវព្យួរការងារ ឱ្យមានលំនឹងជីវភាព និងអាចលើកកម្ពស់ជំនាញ ព្រមទាំងផលិតភាពការងាររបស់ខ្លួនសម្រាប់អនាគត និង​ទី៣)ជួយទ្រទ្រង់លើកស្ទួយកំណើន ជាពិសេសជួយដល់សហគ្រាសធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ ទន្ទឹមនេះ វិធានការ​ដែលត្រូវបានដាក់ចេញមកនេះ មិនត្រឹមតែជួយកាត់បន្ថយផលប៉ះពាល់ចំពោះមុខប៉ុណ្ណោះទេ តែក៏ជាវិធានការជួយលើកស្ទួយភាពប្រកួតប្រជែងដល់វិស័យទាំងនោះ និងសេដ្ឋកិច្ចជាតិទាំងមូល នៅពេលជំងឺ COVID-19 បានឆ្លងផុតទៅ ផងដែរ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងថា ក្នុងករណីរោងចក្រសហគ្រាស ត្រូវព្យូរការងារ ដោយសារខ្វះវត្ថុធាតុដើម ដោយសារវីរុសកូរ៉ណា និងEBA នោះ កម្មករកម្មការិនីកាត់ដេរ នឹងទទួលប្រាក់ខែ៦០% លើប្រាក់ខែអប្បរិមា ដោយនៅក្នុងនោះប្រាក់ខែ៤០% ជាបន្ទុករបស់ថៅកែរោងចក្រ និងប្រាក់២០% ទៀតទទួលបានពីការឧបត្ថម្ភរបស់រាជរដ្ឋាភិបាល។ សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ដើម្បីទទទួលបានប្រាក់ខែនេះ កម្មករកម្មការិនី ត្រូវចូលរួមវគ្គបណ្តុះបណ្តាល ដែលរៀបចំឡើយដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការបណ្តុះបណ្តាលជំនាញខ្លីៗនេះ នឹងជំរុញសមត្ថភាពការងារដល់កម្មករកាន់តែប្រសើរឡើង។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលនឹងខិតខំស្វែងរកការងារជូនកម្មករធ្វើទៀតផង។

ចំពោះជំនួយដល់រោងចក្រសហគ្រាសវិញ គឺរាជរដ្ឋាភិបាល អាចលើកលែងពន្ធ ពី៦ខែ ទៅ១ឆ្នាំ ចំពោះរងចក្រសហគ្រាសណា ដែលរងគ្រោះផលប៉ះពាល់ ពីវីរុសកូរ៉ូណា និង EBA។ សម្តេចតេជោបានប្រកាសពីវិធានការជាច្រើនទៀតក្នុងការជួយផ្នែកឧស្សាហកម្មកាត់ដេរនេះ។ ទន្ទឹមនឹងនោះ សម្តេចតេជោបានបន្តទៀតថា វិធានការរបស់រាជរដ្ឋាភិបាលពេលនេះ បានបង្ហាញឲ្យច្បាស់ថា កម្ពុជាមិនត្រូវការពន្ធ២០% ដែលអឺរ៉ុបបានសម្រេចព្យួរពីកម្ពុជានោះទេ។ សម្តេចតេជោ បានប្រកាសយ៉ាម៉ឹងម៉ាត់ពីការអនុវត្តច្បាប់របស់កម្ពុជា កម្ពុជាត្រូវរក្សាឯករាជ្យ និងអធិបតេយ្យភាពកម្ពុជារបស់ខ្លួន។ កម្ពុជានឹងមិនស្នើសុំពន្ធ ២០% ពីអឺរុបវិញនោះទេ សម្តេចកម្ពុជាបានអះអាងថា កម្ពុជាបានត្រៀមរួចជាស្រេចចំពោះវិបត្តិកូរ៉ូណា និងបញ្ហា EBA នេះ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីវិធានការជំរុញ និងលើកកម្ពស់វិស័យសហគ្រាន ធនតូច និងមធ្យមនៅកម្ពុជា។ សម្តេចតេជោបានលើកឡើងថា សហគ្រានធុនតូច និងមធ្យមនៅមានកក្តានុពល ខ្លំាងណាស់ ពិសេសខាងកសិកម្ម។ ការជំរុញសហគ្រាសធនតូច និងមធ្យម បាននឹងបង្កើនការងារដល់ពលរដ្ឋ និងពង្រឹកចង្វាក់ផលិតកម្មនៅក្នុងស្រុក។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានប្រកាសពីការនឹងមិនយកពន្ធលើផ្ទះដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារផងដែរ។ ជាមួយគ្នានេះ សម្តេចតេជោបានជំរុញដល់ក្រុមហ៊ុនដែលសាងសង់ផ្ទះក្នុងតម្លៃសមរម្យលក់ ឲ្យមន្រ្តីរាជការ តែបើពេលនេះលក់មិនទាន់អស់នោះទេ គឺអាចបន្តលក់ឲ្យពលរដ្ឋជាទូទៅ។ វិធានការរបស់ររាជរដ្ឋាភិបាលនាពេលនេះ គ្រាន់តែជាវិធានការជុំទី១ប៉ុណ្ណោះ។ វិធានការជាច្រើនទៀតបានកំពុងសិក្សា ហើយនេះជាស្មារតីជាតិរបស់ថ្នាក់ដឹកនាំ ដែលមិនមានទម្លាប់ទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់នោះទេ ៕

 


ចែករំលែក៖