ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ស្លាប់ភ្លាមនៅកន្លែងកើតហេតុ ដោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងកាលពីវេលាម៉ោង០៨ និង ២៥នាទីយប់ ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២០ នៅលើផ្លូវជាតិលេខ៥ស្ថិតនៅភូមិ យាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោកអធិការនគរបាលស្រុកអូរជ្រៅ សែស វិបុល ប្រាប់ថា៖ មុនពេលកើតដំបូងគឺ ម៉ូតូបុក និងម៉ូតូស្របទិសគ្នាពីលិចទៅកើត ហើយម៉ូតូមួយជនរងគ្រោះបានដួលទៅលើទ្រូងផ្លូវ ចំណែកម៉ូតូមួយទៀតក៏បានបើករត់គេចខ្លួនបាត់ ស្របពេលនោះ មានរថយន្តក្រុងមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3AE.7776 បើកក្នុងទិសដៅពីលិចទៅកើតបានបើកបុកកិនជនរងគ្រោះបណ្តាលឲ្យស្លាប់នៅនឹងកន្លែង ។ ក្រោយពីកើតហេតុអ្នកបើកបរ រថយន្តបានរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។
លោកអធិការបានបញ្ជាក់ថា ជនរងគ្រោះដែលបានត់បង់ជីវិតឈ្មោះ ឈឿម វុទ្ធី ភេទប្រុស អាយុ 38 ឆ្នាំ រស់នៅ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បើកបរម៉ូតូម៉ាកហុងដាឌ្រីម សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FR.0783 ។ ក្នុងករណីគ្រោះថ្នាក់ចរាណ៍នេះ ដោយសាររថយន្តក្រុងបើកបរមានល្បឿនលឿន នៅពេលមានឧបសគ្គនៅខាងបុកជាន់ហ្វ្រាំងមិនទាន់ កើតមានគ្រោះថ្នាក់តែម្តង ។
ទាក់ទិនករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ ដោយពិនិត្យឃើញថារថយន្តក្រុងភាគច្រើន បង្ក គ្រោះថ្នាក់ចរាចរណ៍អ្នកបើកបរច្រើតែរត់គេចខ្លួននោះ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះដែរ លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ បានជម្រុញឲ្យលោកឧត្តមសេនីយ៍ ត្រីង៉ាន់ ចិន្តា ស្នងការរង ទទួលការងារផែនសណ្តាប់ធ្នាប់សាធារណៈ ឲ្យសហការជាមួយម្ចាស់ក្រុមហ៊ុនរថយន្តក្រុង ស្រង់ឈ្មោះអ្នកបើកបររថយន្ត គ្រប់ក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មឲ្យបានច្បាស់លាស់ ងាយស្រួលពេលកើតមានគ្រោះថ្នាក់ចរាចរណ៍អ្នកបើកបររត់គេខខ្លួន នគរបាលស្រាវជ្រាវរកអ្នកបើកបរ ឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់ ៕វណ្ណា