ព័ត៌មានទាន់ហេតុការណ៍៖

លោក កែវ សុភគ៌ ចុះពិនិត្យស្ថានភាពភូមិសាស្រ្តភូមិហ្គាទី ក្នុងដែនជម្រកសត្វព្រៃកែវសីមា

ចែករំលែក៖

ខេត្តមណ្ឌលគិរី ÷ កាលពីព្រឹកថ្ងៃអាទិត្យ ១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី រួមទាំងក្រុមការងារដែនជម្រកសត្វព្រៃកែវសីមា បានចុះល្បាតក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃកែវសីមា ហើយបានចូលទៅពិនិត្យទីតាំងប្រវត្តិសាស្រ្តមួយកន្លែងដែលមានអាយុកាលប្រមាណជាង១សតវត្សរ៍ នោះគឺផ្នូរសពជនជាតិបារាំងម្នាក់ដែលបានស្លាប់ក្នុងសម័យដែលប្រទេសកម្ពុជាស្ថិតក្រោមអាណានិគមនិយមបារាំង។

បច្ចុប្បន្នផ្នូរសពជនជាតិបារាំងម្នាក់នេះត្រូវបានអ្នកជំនាន់មុនរៀបចំជាស្មសាន ដោយមានចម្លាក់ចារឹកនៅលើផ្ទាំងថ្មជាភាសាបារាំង អំពីប្រវត្តិនៃសិលានេះ។ ផ្នូរសពនេះត្រូវបញ្ចុះនៅក្នុងព្រៃមួយកន្លែង ស្ថិតក្នុងភូមិហ្គាទី ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃកែវសីមា និងមានចម្ងាយប្រមាណជាង ២០ គីឡូម៉ែត្រ ពីឃុំស្រែព្រះ ដែលសម្បូរទៅដោយបងប្អូនជនជាតិដើមភាគតិចព្នងរស់នៅ។

តាមការជួបសម្ភាសន៍ និងសាកសួរអំពីប្រវត្តិសាវតារផ្នូរសព ពីអ្នកភូមិ និងចាស់ទុំដែលជាជនជាតិភាគតិចព្នង បានឲ្យដឹងថា ភូមិហ្គាទី កាលពីមុនមានឈ្មោះហៅថា ភូមិក្រង់ ឋិតក្នុងឃុំស្រែព្រះ ស្រុកកែវសីមា។ នៅក្នុងអំឡុងឆ្នាំ១៩៣១ មេទ័ពជាជនជាតិបារាំងឈ្មោះ ហ្គាទី (Gatille) បានស្លាប់ដោយកកាំបិតរបស់បងប្អូនជនជាតិដើមភាគតិចដែលរស់នៅតំបន់នោះ ហើយទាហានឈ្មោះ ហ្គាទី នេះក៏ជាមេទ័ពធំម្នាក់ប្រចាំភូមិភាគឦសាន ទើបជាប់ឈ្មោះហ្គាទី ជាភូមិជំនួសឲ្យឈ្មោះភូមិក្រង់។

ផ្នូរសពរបស់ជនជាតិបារាំង ដោយមានឈ្មោះដូចគ្នាទៅនឹងឈ្មោះភូមិហ្គាទី បានក្លាយជាមន្ទិលមួយរបស់អ្នកចំណូលថ្មី និងអ្នកដំណើរដែលបានឆ្លងកាត់ ហើយពួកគេបានស្វែងរកការបកស្រាយថា ឈ្មោះភូមិនិងឈ្មោះសពក្នុងផ្នូរ មានអ្វីទាក់ទងគ្នា។ យ៉ាងណាមិញ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មិនទាន់មានឯកសារណាមួយយកមកបង្ហាញជាទឡ្ហីករណ៍នៅឡើយទេ ដោយនឹងស្វែងរក និងស្រាវជ្រាវបន្ថែមទៀត៕ សុខ ខេមរា

 


ចែករំលែក៖