ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលសាលាខេត្តរៀបចំសន្និបាតនិងជំរុញរដ្ឋបាលគ្រប់លំដាប់ថ្នាក់នៅក្រោមជាតិ ត្រូវបន្តរួមគ្នាសម្រេចឲ្យបាននូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗទាំង៤ នៅឆ្នាំ២០២០

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នៅព្រឹក ថ្ងៃទី ២៤ ទី២៥ ខែកុម្ភៈនេះ រដ្ឋបាលខេត្តស្ទឹងត្រែងបានរៀបចំ កិច្ចប្រជុំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៩ និងលើកទិសដៅការងារបន្តឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត ក្រោមវត្តមាន លោក ម៉ុម សារឿន អភិបាលខេត្ត និងលោក ឈាងឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ជាគណៈអធិបតី ។

ថ្លែងបើកក្នុងអង្គសន្និបាត លោក ម៉ុម សារឿន បានជំរុញដល់មន្រ្តីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងរដ្ឋបាលគ្រប់ថ្នាក់នៅក្រោមជាតិ ត្រូវបន្តរួមគ្នាសម្រេចឲ្យបាននូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ ៗទាំង ៤ នៅឆ្នាំ២០២០ ដើម្បីសម្រេចបាននូវយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ដ៍ឆ្លាតវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រៈរាជាណាចក្រកម្ពុជា បានដាក់ចេញ និងឲ្យអនុវត្ត ពិសេសកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល ។

ក្នុងនោះ ទិសដៅជាយុទ្ធសាស្ត្រសំខាន់ ៗទាំង ៤ សម្រេចឲ្យបាននៅឆ្នាំ២០២០ មានដូចជា ÷
ទី១ : បន្តជំរុញការអនុវត្តខិតខំថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំដៅបន្តលក្ខណៈសម្បត្តិអនុគ្រោះដល់ការរីកចម្រើនរឹងមាំបន្ថែមទៀតនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និង អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមលើគ្រប់វិស័យ។

ទី២: បន្តជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានា ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមទាំងកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឃការ ដើម្បីបង្កើតឡើងនូវកាលានុវត្តភាពថ្មីៗ បន្ថែមទៀតសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រប្រកបដោយសមធម៌ និងចរីភាព ។

ទី៣: ខិតខំប្រមូលផ្តុំបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងខិតខំដោះស្រាយបញ្ហាប្រឈមនានា នៅតាមមូលដ្ឋាន និងសំណើរ សំណូមពររបស់ប្រជាពលរដ្ឋ ជាពិសេសបញ្ហាទំនាស់ដីធ្លី និងជម្លោះនានានៅមូលដ្ឋានដោយមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ មានយុត្តិធម៌ តម្លាភាព គណនេយ្យភាព និងទាន់ពេលវេលា ព្រមជាមួយនិងការរក្សាភាពអត់ធ្មត់ខ្ពស់បំផុត បញ្ចៀសឲ្យបាននូវអំពើហិង្សាគ្រប់រូបភាព ដើម្បីបន្តរក្សាភាពសុខដុមរមនាក្នុងសង្គម ។

ទី៤: ពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ និងស្មើភាព ដោយពង្រឹងមន្រ្តីអនុវត្តច្បាប់ ទងសមត្ថភាពនិង សីលធម៌វិជ្ជាជីវៈ ខិតខំរួមគ្នាលុបបំបាត់ឲ្យបាននូវបាតុភូតអសកម្មនានា ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋឲ្យចូលរួមក្នុងដំណើរការគោរព និងអនុវត្តច្បាប់ សំដៅពង្រឹងយុត្តិធម៌និងសីលធម៌ក្នុងសង្គម។

គួររំលឹកផងដែល ថា កិច្ចប្រជុំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៩ និងលើកទិសដៅការងារបន្តឆ្នាំ២០២០ របស់រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រារព្ធឡើងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃ ទី២៤ ដល់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២០ ៕ មាស សុផាត


ចែករំលែក៖