ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ ដែលជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ មានប្រវែងជាង ១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ផ្លូវនេះបានចំណោយថវិកាសាងសង់១២២.៩៨ លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយបញ្ហាផលប៉ះពាល់នានា ការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករជាដើម។
ផ្លូវជាតិលេខ៥៨ ដែលមានប្រវែងសរុប ១៧៤.១៦គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យរហូតដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ គឺក្នុងនោះផ្លូវមេមានប្រវែង ១៦៥.១៨គីឡូម៉ែត្រ។ ផ្លូវនេះឆ្លងកាត់ខេត្តបន្ទាយមានជ័យប្រវែង ៩២គីឡូម៉ែត្រ និងខេត្តឧត្តរមានជ័យប្រវែង ៧៣.១៨គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ០៤ខ្សែ មានប្រវែងសរុប ៨.៩៨គីឡូម៉ែត្រ បំបែកចេញពីផ្លូវជាតិលេខ៥៨ ចូលទៅច្រកទ្វារព្រំដែនកម្ពុជា-ថៃ អូរបីជាន់, បឹងត្រកួន, ជប់គរគី និងថ្មដូន។
ផ្លូវជាតិមួយខ្សែដ៏វែងនេះ ត្រូវបានសាងសង់ស្របទៅតាមស្តង់ដារផ្លូវថ្នល់កម្រិត៣ នៃបទដ្ឋានបច្ចេកទេសរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលមានទទឹងតួផ្លូវសរុប ១២ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) និងមានទទឹង ១០ម៉ែត្រ។ ផ្លូវមួយខ្សែនេះក៏ត្រូវបានសាងសង់ស្ពានតភ្ជាប់ចំនួន ៤៧កន្លែង ប្រវែងសរុប ១,៥៧៤ម៉ែត្រ ៕
SPM Presides on Inauguration Ceremony of National Road 58 (26-02-2020)
ផ្សាយផ្ទាល់(Live): សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ តភ្ជាប់ពីខេត្តបន្ទាយមានជ័យទៅខេត្តឧត្តរមានជ័យ ។ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០
Posted by Samdech Hun Sen, Cambodian Prime Minister on Tuesday, 25 February 2020