ខេត្តកណ្ដាល៖ រថយន្តមួយគ្រឿង បើកបត់ស្តាំដាច់ហ្វ្រាំង បណ្ដាលឲ្យក្រឡាប់សង្កត់លើម៉ូតូកង់បីឥណ្ឌា និងម៉ូតូ៣គ្រឿង ធ្វើឲ្យមនុស្សប្រុសស្រី២នាក់ស្លាប់ និងមនុស្ស៣នាក់ទៀតរងរបួសធ្ងន់ស្រាល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង០៦ និង៤០នាទី ត្រង់ចំណុច គល់ស្ពានព្រែកហូរ(ខាងជើង) លើផ្លូវជាតិលេខ២ កែងផ្លូវលេខ ១១៥ ស្ថិតនៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា រថយន្តបង្កម៉ាកNISSAN DIESEL ពណ៌ស គ្មានផ្លាកលេខ អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណ(រត់គេចបាត់ពីកន្លែងកើតហេតុ) ។ ចំណែកជនរងគ្រោះជាអ្នកបើកបរម៉ូតូកង់បីឥណ្ឌា ឈ្មោះ ជា សុផាត ភេទប្រុស អាយុ៣៨ឆ្នាំ (ស្លាប់) មានទីលំនៅភូមិព្រែកហូរកើត១សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល និងមានអ្នករួមដំណើរចំនួន៣នាក់ទៀត ទី១/ឈ្មោះ ហៃ យូ ប៊ិន ភេទស្រី អាយុ៣ឆ្នាំ (ស្លាប់) ទី២/ឈ្មោះ ស៊ី នាង ភេទស្រី អាយុ៣៨ឆ្នាំ (រងរបួសធ្ងន់) និងទី៣/ឈ្មោះ ហៃ យូហួរ ភេទប្រុស អាយុ៧ឆ្នាំ (រងរបួសស្រាល)។ ជនរងគ្រោះទាំង៣នាក់ មានទីលំនៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ដោយឡែកម៉ូតូ៣គ្រឿងទៀតដែលត្រូវរថយន្តសង្កត់ដែរនោះ ទី១/ម៉ូតូម៉ាកHONDA DREAM 125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1FU-9260 អ្នកបើកបរឈ្មោះ វ៉ាន់ សួន ភេទស្រី អាយុ៣៣ឆ្នាំ (រងរបួសស្រាល)នៅភូមិទួលរកា សង្កាត់ចាក់អ្រែងក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទី២/ម៉ូតូម៉ាកHONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1HV-7126 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ និងទី៣/ម៉ូតូម៉ាកHONDA WAVE110 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1DJ-1181 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តបង្កបើកបរក្នុងទិសដៅពីលិចមកកើត រួចបត់ស្តាំទៅទិសខាងត្បូង តែរថយន្តបង្កបានដាច់ហ្វ្រាំង បណ្ដាលឲ្យក្រឡាប់សង្កត់ពីលើម៉ូតូកង់បង់បីឥណ្ឌា ដែលកំពុងឈប់ស្តុប ក្នុងទិសដៅពីត្បូងទៅជើង បណ្ដាលឲ្យស្លាប់អ្នកបើករម៉ូតូកង់បីម្នាក់ និងអ្នករួមដំណើរម្នាក់ ហើយអ្នករួមដំណើរ២នាក់ទៀតរងរបួសធ្ងន់ស្រាល ។ បន្ទាប់មករថយន្តបង្កបានសង្កត់ពីលើម៉ូតូចំនួន៣គ្រឿងទៀត ដែលកំពុងឈប់ស្តុប ក្នុងទិសដៅពីត្បូងទៅជើង បណ្ដាលឲ្យខូចខាត និងរងរបួសស្រាលម្នាក់ ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានរថយន្តដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ រីឯមធ្យោបាយពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែង រួចកសាងឯកសារយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ចាត់ការតាមច្បាប់ ។ ចំណែកសាកសព ត្រូវបាននគរបាល ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ