ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្ទាវ២ក្រុមវាយដេញកាប់គ្នាផ្អើលពេញមាត់ស្ទឹងក្រុងតាខ្មៅ ត្រូវនគរបាលក្របួចជាប់៦នាក់

ចែករំលែក៖

ខេត្តកណ្ដាល ៖ ផ្ដើមចេញពីការឌឺដងពាក្យសំដីដាក់គ្នាធ្វើឲ្យក្មេងស្ទាវ២ក្រុមវាយតប់ និងដេញកាប់គ្នាផ្អើលពេញមាត់ស្ទឹងក្រុងតាខ្មៅ សមត្ថកិច្ចនគរបាលចុះអន្តរាគមន៍ភ្លាមៗឃាត់ខ្លួន៦នាក់ ។ ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចមាត់ស្ទឹង ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ក្រុមក្មេងស្ទាវមាន២ក្រុម ក្រុមទី១ មានគ្នាប្រហែល១០នាក់ ទី១-ឈ្មោះ ឡាំង ដេវវីត ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ ភ្នំពេញ (រងរបួសក្បាល ខ្នង ជើងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ ទី២-ឈ្មោះ ចាប ចន្នី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន) ទី៣-ឈ្មោះ វ័ន្ត ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅសង្កាត់ចាក់អង្រែលើ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ (គេចខ្លួន) និងជនសង្ស័យប្រហែល៦នាក់ទៀតមិនស្គាល់អត្តអត្តសញ្ញាណ(គេចខ្លួន)។

ចំណែកក្រុមទី២មានគ្នាប្រហែល១០នាក់ ទី១-ឈ្មោះសុត ជិនសុខហេង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន) ទី២-ឈ្មោះ ស្រុីម គង់ហេង ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ទី៣-ឈ្មោះ រត្តនា កូលីន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិលេខ១(ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន) ទី៤-ឈ្មោះ សៀក ច័ន្ទដាលីន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន) ទី៥-ឈ្មោះ ហេង ឆាយឡេង ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ រីឯជនសង្ស័យប្រហែល​៥នាក់ទៀតមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។ ដោយឡែកវត្ថុតាងចាប់យកមាន៖ ម៉ូតូចំនួន៣គ្រឿង ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ ក្រុមជនសង្ស័ទី២ បាននាំគ្នាមកអង្គុយលេងនៅកន្លែងកើតហេតុ ពេលនោះស្រាប់តែក្រុមជនសង្ស័យទី១បានជិះម៉ូតូមកឌឺដងដាក់ ហើយបានកើតជាទំនាស់ពាក្យសំដី រហូតដល់មានការវាយតប់គ្នាទៅវិញទៅមក រួចក្រុមជនសង្ស័យទី១ក៏បានជិះម៉ូតូចេញបាត់ទៅ ។ មួយសន្ទុះក្រោយមកស្រាប់តែក្រុមជនសង្ស័យទី១មកម្តងទៀតប្រដាប់ដោយដាវ និងកាំបិត ខ្សែក្រវ៉ាត់ និងដុំថ្ម បានដេញកាប់គ្នា ទៅវិញទៅមក បណ្តាលអោយឈ្មោះ ឡាំង ដេវីត រងរបួសក្បាលជើង និងស្មារ ត្រូវបានមិត្តភ័ក្រដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ ភ្លាមនោះសមត្ថកិច្ចបានចុះជួយអន្តរាគមន៍ឃាត់ខ្លនជនសង្ស័យទាំង២ក្រុមបានចំនួន៦នាក់យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ


ចែករំលែក៖