ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង០៤ និង០៩នាទី កម្លាំងទីបញ្ជាការ វរៈសេនាតូចនគរបាល៩០៥ ចំនួន ០៥នាក់ ដឹកនាំ ដោយលោក អនុសេនីយ៍ឯក អឹម សុខរី នាយផ្នែកសេនាធិការ សហការជាមួយ គណៈកម្មការសង្ឃរុក្ខវន្ត ចំនួន០៣ នាក់ ព្រះសង្ឃ ០២ អង្គ ដឹកនាំ ដោយព្រះតេជគុណ សឿប នឿត បានចុះបង្ក្រាប ប្រជាពលរដ្ឋ កាប់ឈើក្នុងព្រៃ សហគមន៍សង្ឃរុក្ខវ័ន្ត នៅត្រង់ចំណុច ក្បាលឡាន ស្ថិតនៅភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងការចុះបង្ក្រាបខាងលើ កម្លាំងបានឃាត់បានជនល្មើស ចំនួន ០៣ នាក់ ឈ្មោះ សឿត ង៉ា ភេទប្រុស អាយុ ២៩ ឆ្នាំ (ត្រូវជាប្ដី), ឈ្មោះ យ៉ាន់ ចាន់រ៉ា ភេទស្រី អាយុ ៣១ ឆ្នាំ (ត្រូវជាប្រពន្ធ) និងឈ្មោះ សឿត តាំងអោ ភេទប្រុស អាយុ ១២ឆ្នាំ ( ត្រូវជាកូន) អ្នកទាំង០៣នាក់ រស់នៅភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ច បានបន្តទៀតថា វត្ថុតាងរួមមានគោយន្ត០១ គ្រឿង ម៉ាស៊ីនអារឈើ ០១ គ្រឿង និងឈើធ្នង់ ១៦ ដុំ ត្រូវបានរក្សាទុក នៅស្នាក់ការកណ្ដាលសង្ឃរុក្ខវ័ន្ត ។ ដោយឡែកជនល្មើស ត្រូវបានព្រះតេជព្រះគុណ ប៊ុត សាលួត អប់រំធ្វើកិច្ចសន្យា ឈប់ប្រព្រឹត្តបន្តទៀត និងឲ្យត្រឡប់ទៅលំនៅឋានវិញ ៕ ប៉ែន នួន