ព័ត៌មានទាន់ហេតុការណ៍៖

ឆក់កាបូបនារីខារ៉ាអូខេនគរសំរិទ្ធម្នាក់បានសម្រេច តែគេចមិនផុតពីសមត្ថកិច្ចចាប់វាយខ្នោះ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់កាបូបស្រ្តីម្នាក់ ដែលជាបុគ្គលិកខារ៉ាអូខេនគរសំរិទ្ធកំពុងតែដើរតាមផ្លូវបានសម្រេចហើយ ព្យាយាមជិះរត់គេចខ្លួន ប៉ុន្តែត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ ប្រទះឃើញជួយធ្វើអន្តរាគមន៍ប្រដេញតាមពីក្រោយ រហូតឃាត់ខ្លួនបានភ្លាមៗ រួមទាំងវត្ថុតាងជាក់ស្តែង ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣ និង១៥នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដែលប្រព្រឹត្តនៅចំណុចមុខខារ៉ាអូខេនគរសំរិទ្ធផ្ទះលេខ៣២៨ ផ្លូវលេខ១៨២ ក្រុទី២៤ ភូមិ៩សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ យ៉ាន់ រាជ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៥២E1ផ្លូវលេខ៣៤៨ ភូមិ៧ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ម៉ក់ លក្ខិណា ភេទស្រី អាយុ៣៤ឆ្នាំ ជន ជាតិខ្មែរ មុខរបរ បុគ្គលិក ខារាអូខេនគរសំរិទ្ធ ស្នាក់ នៅផ្ទះលេខ ៩Eoz ផ្លូវលេខ១២២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យកមាន ៖ កាបូបស្ពាយម៉ាកLVពណ៍សូកូឡាចំនួន០១ (ប្រគល់ឲ្យជនរងគ្រោះវិញ) ; ម៉ូតូម៉ាកហុងដាគ្លីក ស៊េរី២០២០លេខតួ និងម៉ាស៊ីន៥១៣១៧៧៩ពាក់ស្លាកលេខភ្នំ ពេញ 1ID-៨៧១៣ (ជារបស់ជនសង្ស័យ) ។

តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា មុនពេលកើតហេតុ គឺស្រ្តីរងគ្រោះបានដើរឆ្លងផ្លូវលេខ១៨២ ដោយមានស្ពាយកាបូបចំហៀង ភ្លាមនោះជនសង្ស័យជិះម៉ូតូតែម្នាក់ឯងមកធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះបានសម្រេច គាប់ជួនកម្លាំងនគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ កំពុងល្បាតនៅក្បែរនោះ ក៏ប្រដេញតាមពីក្រោយចាប់បានភ្លាមៗតែម្តង ។ ក្រោយឃាត់ខ្លួនកម្លាំងជំនាញ បានធ្វើតេស្តទឹកនោមជនសង្ស័យបង្ហាញថា វិជ្ជមាន(មានសារធាតុញៀន) ។

បច្ចុប្បន្នជន សង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ។ ចំណែកកាបូបបានប្រគល់ជូនម្ចាស់វិញ៕ស រស្មី


ចែករំលែក៖