ភ្នំពេញ៖ ផ្ទះវីឡាជាន់ទី២ជួលឲ្យជនជាតិកូរ៉េត្រូវបានអគ្គិភ័យឆាបឆេះ ត្រូវរថយន្តពន្លត់អគ្គីភ័យរបស់ទីក្រុងរណបជ្រោយចង្វាជួយបាញ់ពន្លត់អស់៥គ្រឿង ទើបភ្លើងរលត់ ខូចខាតសម្ភារអស់មួយចំនួន ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៦និង៣០នាទីយប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវវិហារកុឡាឡោមភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ការឆាបឆេះនេះ បណ្តាលឲ្យឆេះជាន់ទី២នៃផ្ទះវិឡាដែលម្ចាស់ជួលឲ្យជនជាតិកូរ៉េ និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ និងមិនមានអ្នករងរបួសនោះទេ ។
តាមប្រភពព័ត៌មានពីផ្ទះជាប់និងផ្ទះឆេះដំបូង បានឲ្យដឹងថា សុខៗស្រាប់តែមានអណ្ដាតភ្លើងឆេះចេញពីខាងក្នុងបន្ទប់ជាន់ទី២ គាត់ក៏រត់ចេញមកខាងក្រៅស្រែកឆោឡោផ្អើលដល់ប្រជាពរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុរួចក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកបាញ់ពន្លត់ ជាបន្តបន្ទាប់ ។
សមត្ថកិច្ចបានឲ្យដឹងថា ពាក់ព័ន្ធហេតុការណ៍គ្រោះអគ្គិភ័យនេះមិនមានមនុស្សរងរបួសនោះទេ ដោយរងការខូចខាតសម្ភារមួយចំនួនធំ ហើយមូលហេតុសង្ស័យឆ្លងចរន្តអគ្គិសនី ៕ ជ្រោយពេជ្រ