ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិកូរ៉េម្នាក់ លើសទិដ្ឋាការស្នាក់នៅ ស្នើសុំឲ្យសមត្ថកិច្ចជួយបញ្ជូនខ្លួនត្រឡប់ទៅប្រទេសដើមវិញ

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិកូរ៉េម្នាក់ ព្រោះរូបគាត់ស្នាក់នៅលើសទិដ្ឋាការស្នាក់នៅផុតកំណត់តាំងពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧មកម្ល៉េះ បានមកកាន់ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញគោលបំណង សុំឲ្យសមត្ថកិច្ចជួយបញ្ជូនខ្លួន ត្រឡប់ទៅប្រទេសដើមវិញ  ។

លោកវរសេនីយ៍ឯក ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង០៩និង៣០នាទី មានបុរសជនជាតិកូរ៉េម្នាក់ ឈ្មោះ YOO HONG YUL ភេទប្រុស អាយុ៦២ឆ្នាំ បានមកកាន់ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ដើម្បីស្នើសុំឲ្យសមត្ថកិច្ចជួយបញ្ជូន ត្រឡប់ទៅប្រទេសដើមវិញ ។

លោកនាយការិយាល័យបន្តថា ក្រោយពីកម្លាំងជំនាញរបស់ការិយាល័យ បានសាកសួរដឹងថា ជននេះចូលមកព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ តាមច្រកអន្តរជាតិប៉ោយប៉ែត គោលបំណងធ្វើការ ។

បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ និងគ្មានការងារធ្វើ ត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕ស រស្មី


ចែករំលែក៖