ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនស្ត្រីវៀតណាមម្នាក់យកខ្សែក កាឡៃ បន្លំយកខ្សែកមាសទម្ងន់១តម្លឹង

ចែករំលែក៖

ខេត្តសៀមរាប ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកចក បាឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ង្វៀង ធីខា ហៅ សុខ ខា ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិគីឡូម៉ែត្រលេខ៧ សង្កាត់ ស្វាយប៉ាកខណ្ឌ ឫស្សីកែវ រាជធានី ភ្នំពេញ មុខរបរលក់ត្រី ពាក់ព័ន្ធនឹងករណីអំពើលួចបន្លំខ្សែកមាសមួយខ្សែ

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះប្រព្រឹត្តទៅនៅថ្ងៃ ពុធ ១១កើត ខែ ផល្គុន ឆ្នាំកុរ ព..២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៧និង៥០នាទី ព្រឹកស្ថិតនៅផ្សារដើមក្រឡាញ់ ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ខេត្តសៀមរាប គ្រាដែលជនសង្ស័យរូបនេះលួចបន្លំយកខ្សែ.កាឡៃដូយកខ្សែកមាសទម្ងន់១តម្លឹង។

មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលគោកចក បានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យខាងលើ បានធ្វើសកម្មភាពចូលទិញខ្សែក នៅតូបរបស់ជនរងគ្រោះឈ្មោះ លីម ហ៊ុយឃី ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិវាល សង្កាត់គោកចក ក្រុង.ខេត្តសៀមរាប។ពេលនោះជនសង្ស័យបានឲ្យជនរងគ្រោះ យកខ្សែកមាសប្រភេទច្រវាក់ឆាប ទម្ងន់១ដំឡឹងពីក្នុងទូ មកឲ្យខ្លួន(ជនសង្ស័យ)មកមើលក្នុងបំណងដូចអ្នកទិញយកទៅប្រើប្រាស់ត្រឹមត្រូវ។ ប៉ុន្តែ ពេលជនសង្ស័យបានខ្សែកដែលជនរងគ្រោះឲ្យមើលនិងខណ:ជនរងគ្រោះមិនចាប់អារម្មណ៍នោះ ជនសង្ស័យក៏យកខ្សែកខ្លួន(ខ្សែកក្លែងក្លាយ)ប្រភេទច្រវាក់ឆាបដូចគ្នា ឲ្យទៅជនរងគ្រោះ រីឯខ្សែកពិត ជនសង្ស័យបានយកពាក់នៅនឹងក ដោយគ្របអាវជិត។ បន្ទាប់មក ជនសង្ស័យនឹងជនរងគ្រោះ ក៏បាននិយាយថ្លៃគ្នា តែមិនត្រូវធ្វើឲ្យជនសង្ស័យបានដើរគេចខ្លួនពីតូបលក់មាសភ្ឡាមៗ
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយជនសង្ស័យដើរចេញផុតបន្តិច ជនរងគ្រោះបានទាញខ្សែកនេះមកពិនិត្យទើបដឹងថា មានលក្ខណ:ប្លែកដោយមានទម្ងន់ស្រាល ក៏ស្រែកឆោឡោឡើង ពេលនោះប្រជាពលរដ្ឋដែលនៅក្បែរនោះបានឃាត់ជនសង្ស័យនិងរាយការណ៍ជូនសមត្ថកិច្ចចុះទៅនាំខ្លួនជនសង្ស័យយកមកសួរនាំក្រោយពីសួរនាំជនសង្ស័យខាងលើ ក៏បានសារភាពថាខ្លួនពិតជាបន្លំលួចខ្សែកមាសពីជនរងគ្រោះពិតប្រាកដមែន ។

បន្ទាប់មកសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖
១.ខ្សែកច្រវាក់ឆាបធ្វើអំពីលោហធាតុពណ៌លឿង (មាស) ប្រវែង ៧៧ស.ម ទម្ងន់១តម្លឹង (របស់ជនរងគ្រោះ)១ខ្សែ
២.ខ្សែកច្រវាក់ឆាបធ្វើអំពីលោហធាតុពណ៌លឿង(កាឡៃ) ០១ខ្សែប្រវែង ៤៤ស.ម ជារបស់ជនសង្ស័យ
៣.ខ្សែដៃច្រវាក់ឆាបលោហធាតុពណ៌លឿង(កាឡៃ) ប្រវែង ១៦.៥ស.ម ជារបស់ជនសង្ស័យ ។
៤.ក្រវិល១គូ លោហធាតុពណ៌លឿងមានត្បូងពណ៌ស ចំនួន ២គ្រាប់ ជារបស់ជនសង្ស័យ ។

ក្រោយកើតហេតុជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបដើម្បីធ្វើការផ្ដន្ទាទោសតាមច្បាប់  ប៊ុន រិទ្ធី


ចែករំលែក៖