ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីថៅកែហាងស្រាត្រូវភ្ញៀវចាប់រំលោភតែមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ​៖​ ស្ត្រីជាថៅកែហាងស្រាក្រឡុកម្នាក់ត្រូវភ្ញៀវចាប់រំលោភនៅក្នុងបន្ទប់ទឹកតែមិនបានសម្រេចខណះប្អូនជនរងគ្រោះមកទាន់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ៤និង១០នាទីព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ នៅហាងលក់ស្រាក្រឡុក តាមមហាវិថីឈ្នះ ឈ្នះ ភូមិត្រាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ ច ដ មានទីលំនៅ ក្នុងខណ្ឌពោធិ៍សែនជ័យ មុខរបរលក់ដូរ នៅចំណុច ខាងលើពេលរាត្រី ។ ចំណែកជនសង្ស័យ បើតាមសម្តីរបស់ជនរងគ្រោះ អះអាង ពេលដែលប្រតាយប្រតបគ្នា ដណ្តើមបានកាត ជាមន្ត្រីនគរបាលជាតិនោះ ឈ្មោះ ប៉ែន ច័ន្ទរស្មី ភេទប្រុស អាយុ៣១ឆ្នាំ មានឋានន្តរសក្តិ ជាអនុសេនីយ៍ត្រី អត្តលេខ៨៣២៣១ នគរបាលជាតិ មានទីលំនៅ ផ្ទះលេខ២៣ផ្លូវ៣៣៥សង្កាត់បឹងកក់១ ខណ្ឌទួលគោក។
តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា គាត់មិនដែលស្គាល់ជនសង្ស័យឡើយ ហើយមុនកើតហេតុ ជនសង្ស័យ រួមជាមួយបក្ខពួក មួយក្រុម ចូលទៅផឹកស៊ីនៅហាងរបស់គាត់ លុះដល់វេលាម៉ោងកើតហេតុ គ្រាដែលគាត់ដើរ ទៅចូលបន្ទប់ទឹក នៅផ្សារបឹងបៃតង ចម្ងាយពីកន្លែងលក់ ប្រមាណ៨០ម៉ែត្រ រៀបចេញមកវិញ ក៏ត្រូវជនសង្ស័យដើរចូលទៅ ហើយធ្វើសកម្មភាពរុញ គាត់ឲ្យចូល ក្នុងបន្ទប់ទឹកវិញ រួចចាប់ឱបជាប់ខ្ទប់មាត់ ថើប គាប់ជួន ត្រូវបានប្អូនប្រុសគាត់ ដែលនៅជួយលក់ទីនោះដែរ ដើរទៅតាមហៅ ព្រោះមានភ្ញៀវកុម្ម៉ង់ម្ហូប ទើបដឹងរឿង ស្រែកឆោឡោ ប្រតាយប្រតប់គ្នា ចាប់ទាញបានកាតមន្ត្រីរាជការ « អត្តសញ្ញាណប័ណ្ណនគរបាលជាតិ » ចំណែកជនសង្ស័យភ័យរត់គេច ទៅបាត់ទាំងបក្ខពួក លុះមួយសន្ទុះក្រោយមក ជនសង្ស័យ និងបក្ខពួកបានវិលត្រឡប់មកវិញ ព្យាយាមយកកាតទៅវិញ តែជនរងគ្រោះមិនឲ្យ សំខាន់និយាយគ្នារកយុត្តិធម៌សិន តែត្រូវបានក្រុមជនសង្ស័យ រករឿង គំរាមវាយ លើជនរងគ្រោះ២នាក់បងប្អូន ទើបបង្កឲ្យកាន់តែភ្ញាក់ផ្អើល ដល់អ្នកជិតខាង ក្រុមជនសង្ស័យឃើញសភាពមិនស្រួល នាំគ្នារត់គេចបាត់អស់ ។
ក្រោយកើតហេតុ ជនរងគ្រោះ ប្តឹងទៅសមត្ថកិច្ច ហើយត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងចុះទៅដល់សាកសួរ និងពិនិត្យផ្ទាល់ តាមការចង្អុលបង្ហាញពីជនរងគ្រោះ រួមជាមួយ កាតនគរបាល មានឈ្មោះ ជនសង្ស័យខាងលើ រួចនាំទៅ ប៉ុស្តិ៍ ដើម្បីដាក់ពាក្យបណ្តឹង ចាត់ការតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ​

ចែករំលែក៖