ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ទីតាំង​ផ្សារ​ទំនើប​របស់​ជនជាតិ​ចិន​ ​លក់​ផលិត​ផល​គ្រឿង​ឧបភោគ បរិភោគ ខូចគុណភាព​

ចែករំលែក៖

សៀមរាប​ ៖​ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ទីតាំង​ផ្សារ​ទំនើប​របស់​ជនជាតិ​ចិន​មួយ​កន្លែង ដែល​លក់​ផលិត​ផល​គ្រឿង​ឧបភោគ បរិភោគ ខូចគុណភាព​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ និង​កោស​លុប​កាលបរិច្ឆេទ​ប្រើប្រាស់​ចាស់ រួច​វាយ​លេខ​កាលបរិច្ឆេទ​ប្រើប្រាស់​ថ្មី​) ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​របស់​អ្នក​បរិភោគ និង​ឃាត់ខ្លួន​ជនជាតិ​ចំនួន​៣​នាក់​ផងដែរ​។
ហេតុការណ៍​ចុះ​បង្ក្រាប​នេះ ​ធ្វើឡើង​នៅ​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២០​ស្ថិតនៅ​ភូមិសាស្ត្រ ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។
សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ក្រោម​ការ​សម្របសម្រួល​ដោយ​ផ្ទាល់​ពី​លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប និង​លោក ម៉ក់ ធារ៉ា ស្នងការរង ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ធកិច្ច បាន​សហការជាមួយ​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្តសៀមរាប និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​បង្ក្រាប​ទីតាំង​ផ្សារ​ទំនើប​របស់​ជនជាតិ​ចិន​មួយកន្លែង​។
សមត្ថកិច្ច​បញ្ជាក់​ផង​ដែរ​ថា ទីតាំង​បង្ក្រាប​នេះ គឺ​លក់​ផលិតផល​គ្រឿង​ឧបភោគ បរិភោគ ខូចគុណភាព (​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ និង​កោស​លុប​កាលបរិច្ឆេទ​ប្រើប្រាស់​ចាស់ រួច​វាយ​លេខ​កាលបរិច្ឆេទ​ប្រើប្រាស់​ថ្មី​) ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​របស់​អ្នក​បរិភោគ។
ក្នុង​កិច្ច​ប្រតិបត្តិការ​នោះ​ សមត្ថកិច្ច​ចម្រុះ បាន​ធ្វើ​ការ​ត្រួតពិនិត្យ និង​ឆែកឆេរ​ជាក់ស្តែង​រក​ឃើញ​វត្ថុ​តាង​មាន​ដូច​ខាង​ក្រោម ចាប់​ដកហូត​ផលិតផល​ខូចគុណភាព​ចំនួន១៤៥​មុខ = ៨៩៦​គីឡូក្រាម​។ ម៉ាស៊ីន​វាយ​ប្តូរ​លេខ​កាលបរិច្ឆេត​ចំនួន ២គ្រឿង (​ខូច ១​គ្រឿង​)​។ Computer​ចំនួន ១គ្រឿង​។ Hard Disk កាមេរ៉ា​សុវត្ថិភាព​ចំនួន ១គ្រឿង​។
ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន៣នាក់ យក​មក​ធ្វើការ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​។ បាន​ធ្វើ​កំណត់ហេតុ​បិទ​ទីតាំង​អាជីវកម្ម​ជា​បណ្តោះអាសន្ន​។
ទន្ទឹម​នឹង​នេះ នៅ​ថ្ងៃទី​៤​ ខែមីនា​ ឆ្នាំ​២០២០ វេលា​ម៉ោង ១៤ និង​៣៩​នាទី​នេះ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​បញ្ជូន​ជនសង្ស័យ​ជា​ជនជាតិ​ចំនួន​៣​នាក់ ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕ប៊ុនរិទ្ធី

ចែករំលែក៖