សៀមរាប ៖ កម្លាំងសមត្ថកិច្ចចម្រុះបង្ក្រាបទីតាំងផ្សារទំនើបរបស់ជនជាតិចិនមួយកន្លែង ដែលលក់ផលិតផលគ្រឿងឧបភោគ បរិភោគ ខូចគុណភាពហួសកាលបរិច្ឆេទប្រើប្រាស់ និងកោសលុបកាលបរិច្ឆេទប្រើប្រាស់ចាស់ រួចវាយលេខកាលបរិច្ឆេទប្រើប្រាស់ថ្មី) ដែលអាចធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកបរិភោគ និងឃាត់ខ្លួនជនជាតិចំនួន៣នាក់ផងដែរ។
ហេតុការណ៍ចុះបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ស្ថិតនៅភូមិសាស្ត្រ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្រោមការសម្របសម្រួលដោយផ្ទាល់ពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប និងលោក ម៉ក់ ធារ៉ា ស្នងការរង ទទួលផែនប្រឆាំងបទល្មើសសេដ្ធកិច្ច បានសហការជាមួយមន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបទីតាំងផ្សារទំនើបរបស់ជនជាតិចិនមួយកន្លែង។
សមត្ថកិច្ចបញ្ជាក់ផងដែរថា ទីតាំងបង្ក្រាបនេះ គឺលក់ផលិតផលគ្រឿងឧបភោគ បរិភោគ ខូចគុណភាព (ហួសកាលបរិច្ឆេទប្រើប្រាស់ និងកោសលុបកាលបរិច្ឆេទប្រើប្រាស់ចាស់ រួចវាយលេខកាលបរិច្ឆេទប្រើប្រាស់ថ្មី) ដែលអាចធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកបរិភោគ។
ក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចចម្រុះ បានធ្វើការត្រួតពិនិត្យ និងឆែកឆេរជាក់ស្តែងរកឃើញវត្ថុតាងមានដូចខាងក្រោម ចាប់ដកហូតផលិតផលខូចគុណភាពចំនួន១៤៥មុខ = ៨៩៦គីឡូក្រាម។ ម៉ាស៊ីនវាយប្តូរលេខកាលបរិច្ឆេតចំនួន ២គ្រឿង (ខូច ១គ្រឿង)។ Computerចំនួន ១គ្រឿង។ Hard Disk កាមេរ៉ាសុវត្ថិភាពចំនួន ១គ្រឿង។
ឃាត់ខ្លួនជនជាតិចិនចំនួន៣នាក់ យកមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ចាត់ការទៅតាមនីតិវិធីច្បាប់។ បានធ្វើកំណត់ហេតុបិទទីតាំងអាជីវកម្មជាបណ្តោះអាសន្ន។
ទន្ទឹមនឹងនេះ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១៤ និង៣៩នាទីនេះ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបញ្ជូនជនសង្ស័យជាជនជាតិចំនួន៣នាក់ ទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕ប៊ុនរិទ្ធី



