ក្នុងពេលដែលអឺរ៉ុប មានអ្នកឆ្លងរាលដាលកាន់តែច្រើន ពលរដ្ឋមកពីអាស៊ី ក្លាយជាគោលដៅវាយប្រហារ ពីក្រុមជ្រុលនិយម ដែលចោទថាជនជាតិអាស៊ី ជាអ្នកនាំមេរោគផ្លូវដង្ហើមទៅកាន់អឺរ៉ុប។ កន្លងមកថ្មីៗនៅក្នុងប្រទេសអង់គ្លេស និស្សិតជនជាតិសិង្ហបុរីម្នាក់រងការវាយប្រហារ ពីក្រុមយុវជនជ្រុលនិយម។
ពេលនេះក្រុមសន្តិសុខអង់គ្លេស ចាប់បានជនដៃដល់ពីរនាក់ ហើយស្វែងរកចាប់ខ្លួន២នាក់ទៀតជាប់ពាក់ព័ន្ធការវាយប្រហារទៅលើនិស្សិតមកពីអាស៊ី។ ការវាយប្រហារខាងកើតឡើងដោយសារតែការប្រកាន់ជាតិសាស្ត្រ ពាក់ព័ន្ធវីរុស Covid-19 ។ ពលរដ្ឋអង់គ្លេសចាត់ទុកថាជនជាតិអាស៊ីជាដើមហេតុចម្លងវីរុសផ្លូវដង្ហើម។
សារព័ត៌មាន Channel News Asia បានផ្សាយថា ក្រុមសន្តិសុខអង់គ្លេសចាប់បានជនដៃដល់ពីរនាក់ដែលវាយប្រហារនិស្សិតជនជាតិហិង្ហបុរី ។ ក្នុងចំណោមមនុស្ស២នាក់ដែលបានចាប់ខ្លួន មានយុវជន អាយុ១៦ឆ្នាំ ម្នាក់ ត្រូវបានចាប់ខ្លួន នៅថ្ងៃទី ៤ ខែមីនា និងយុវជនម្នាក់ទៀតបានចាប់ខ្លួននៅថ្ងៃទី៥ ខែមីនា ។ ជាមួយគ្នានោះមានជនដៃដល់២នាក់ទៀតកំពុងស្វែងរកការចាប់ខ្លួន។
សូមបញ្ជាក់ផងដែរថា និស្សិតសិង្ហបុរីឈ្មោះ Jonathan Mok អាយុ២៣ឆ្នាំ ជាជនរងគ្រោះក្នុងអំពើហិង្សា បង្កឡើងដោយក្រុមជនជាតិអង់គ្លេស ។ និស្សិត Jonathan Mok បានលើកឡើងថា «ខ្ញុំពិតជាខកចិតយ៉ាងខ្លាំងដែលរងការវាយប្រហារ ដោយខ្ញុំជាជនជាតិអាស៊ី ។
ស្នងការប៉ូលិសទីក្រុងឡុងដុង បានប្រកាសថា ប្រទេសអង់គ្លេសមិនមានកន្លែងសម្រាប់ បង្កអំពើហិង្សាបែបនេះនោះឡើយ ។ គិតមកដល់ព្រឹកថ្ងៃទី៧ខែមីនា នៅក្នុងប្រទេសអង់គ្លេសមានអ្នកឆ្លងវីរុសផ្លូវដង្ហើម កើនឡើងដល់១៦៤នាក់ ក្នុងនោះមានករណីឆ្លងវីរុសថ្មីដល់ទៅ៤៨នាក់ក្នុងរយៈពេល ២៤ម៉ោង ។ ក្រៅពីនេះនៅមានអ្នកស្លាប់ដោយសារតែវីរុស Covid-19 មាន២នាក់ផងដែរ៕ម៉ែវ សាធី