នៅក្នុងសង្គ្រាមប្រឆាំង ការឆ្លងរាលដាល នៃវីរុសផ្លូវដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណា បានរាលដាល៩៩ប្រទេសជុំវិញពិភពលោក។ ចិនជាចំណុចនៃការចាប់ផ្តើម ដោយមានអ្នកស្លាប់និងឆ្លងវីរុសជាច្រើន ។ ប៉ុន្តែពេលនេះចិនកំពុងតែមើលឃើញនៃពន្លឺជ័យជំនៈទៅលើវីរុសទាំងនោះ ហើយនៅដើមខែមេសា ចិននឹងប្រទេសពីជ័យជំនៈទាំងស្រុង។
ចំណែកអាមេរិកវិញ ទើបតែចាប់ផ្តើម ប៉ុណ្ណោះ ហើយការរាលដាល់ឆ្លងនៅអាមេរិក ច្រើនជាងចិនទៅទៀត ។ បច្ចុប្បន្ន អាមេរិកមានអ្នកឆ្លងនិងស្លាប់តិចជាងចិន ប៉ុន្តែ អ្នកឆ្លងនៅអាមរិក កើតមាននៅ៣៤រដ្ឋ។
ព័ត៌មានដែលបានពីប្រទេសចិន ធ្វើឱ្យយើងមើលឃើញសេចក្តីសង្ឃឹមជាបណ្តើរៗ ពោលគឺករណីឆ្លងថ្មី និងករណីស្លាប់នៃជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាថ្មី ត្រូវបានកាត់បន្ថយយ៉ាងឆាប់រហ័ស ជីវភាពរស់នៅសេដ្ឋកិច្ច និងសង្គមកំពុងវិលទៅរកប្រក្រតីភាពឡើងវិញជាសន្សឹមៗ។និយាយចំពោះប្រទេសចិន នេះជាសង្គ្រាមដែលផ្ទុះឡើងដោយទាន់ហន់មិនធ្លាប់មាន។ ករណីឆ្លងជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាថ្មី បានរីករាលដាលយ៉ាងលឿនក្នុងទ្រង់ទ្រាយធំ ដែលពិបាកបង្ការ និងគ្រប់គ្រង គឺមិនធ្លាប់មានឡើយ បន្ទាប់ពីការបង្កើតសាធារណរដ្ឋប្រជាជនចិនមក។ ក្នុងរយៈពេលជាងមួយខែកន្លងមក ក្នុងនាមជាអ្នកដឹកនាំកំពូលរបស់ប្រទេសចិន លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានផ្តល់អនុសាសន៍ ចាត់ចែងការងារ និងដឹកនាំដោយផ្ទាល់នូវការងារប្រយុទ្ធប្រឆាំងនឹង ជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាថ្មី។
បន្ទាប់ពីផ្ទុះករណីជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាថ្មី លោក ស៊ី ជីនភីង បានធ្វើជាអធិបតីក្នុងសន្និសីទសំខាន់ៗជាច្រើន មានទាំងកិច្ចប្រជុំវីដេអូខុនហ្វើរិនទូទាំងប្រទេស ដែលមានតំណាងចូលរួមរាប់សែននាក់ទៀតផង ដើម្បីចាត់ចែងការងារ និងបំផុសកម្លាំងចូលរួមការបង្ការ និងគ្រប់គ្រងសភាពការណ៍វិវត្តិន៍ នៃការឆ្លងជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាថ្មី។ លោកក៏បានចុះត្រួតពិនិត្យការងារជាច្រើនដង នៅមូលដ្ឋានបង្ការ និងគ្រប់គ្រងជំងឺឆ្លង និងទីតាំងសិក្សាស្រាវជ្រាវបច្ចេកវិទ្យាការពារជំងឺឆ្លង ដើម្បីធ្វើត្រួតពិនិត្យការងារលម្អិត។
តំបន់នានាទូទាំងប្រទេសចិន បានអនុវត្តតាមអនុសាសន៍ទាំងឡាយរបស់ប្រមុខរដ្ឋ ជំរុញការងារបង្ការ និងគ្រប់គ្រងជំងឺឆ្លង និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលបានបង្ហាញនូវសមត្ថភាពបំផុសកម្លាំងសង្គមដ៏ខ្លាំងក្លា ទទួលបានការវិវឌ្ឍន៍រីកចម្រើន យ៉ាងល្អប្រសើរក្នុងរយៈពេលដ៏ខ្លី ។ ក្នុងដំណាក់កាលខុសៗគ្នា នៃការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង លោក ស៊ី ជីនភីង បានបង្ហាញនូវសមត្ថភាពដឹកនាំ ដែលប្រកបដោយភាពវាងវៃ ដែលអាចប៉ាន់ដឹងពីស្ថានភាពទូទៅ និងចាត់ចែងការងារចំគោលដៅ។
នៅគ្រាដំបូងនៃការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង លោកក៏បានលើកឡើងពីការពង្រឹងជំនឿចិត្តយ៉ាងមុតមាំ រួមសុខរួមទុក្ខ បង្ការ និងព្យាបាលតាមវិធីវិទ្យាសាស្រ្ត និងអនុវត្តគោលនយោបាយឱ្យចំគោលដៅ ដែលជាការផ្តល់នូវគំនិតយុទ្ធសាស្រ្ត សម្រាប់យកជ័យជម្នះលើការប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងលើកនេះ ។ នៅពេលជំងឺឆ្លងទើបផ្ទុះឡើង លោក ស៊ី ជីនភីង បានគូសបញ្ជាក់ថា «ជំងឺឆ្លងគឺជាបទបញ្ជា ការបង្ការ និងគ្រប់គ្រងគឺជាកាតព្វកិច្ច» ដែលបានបំផុសកម្លាំងទូទាំងប្រទេស ឱ្យចូលរួមប្រយុទ្ធប្រឆាំងជំងឺឆ្លង។
ក្នុងគ្រាដែលស្ថានភាពជំងឺឆ្លងមានសភាពតានតឹង លោក ស៊ី ជីនភីង បានក្រើនរំលឹកតំបន់នានាថា «ត្រូវតែប្រុងប្រយ័ត្ននឹងគំនិតស្ពឹកស្រពន់ គំនិតធុញទ្រាន់ការងារបង្ការ គំនិតចៃដន្យ និងគំនិតធ្វេសប្រហែស»។ នៅពេលស្ថានការណ៍បង្ការ និងគ្រប់គ្រងជំងឺឆ្លងបានវិវត្តន៍ទៅរកភាពប្រសើរឡើងវិញ លោកស៊ី ជីនភីង បានលើកឡើងយ៉ាងទាន់ពេលវេលាថា ត្រូវជំរុញការស្តារផលិតកម្មឡើងវិញ ដោយមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ។
ការណែនាំ និងបទបញ្ជាប្រកបដោយយុទ្ធសាស្រ្តបែបនេះ បានធ្វើឱ្យការងារប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏ស្មុគស្មាញ និងតានតឹងពុំធ្លាប់មានលើកនេះ វិវឌ្ឍទៅរកភាពប្រសើរឡើង ហើយក៏ទទួលបានការកោតសរសើរយ៉ាងទូលំទូលាយ ពីសំណាក់សហគមន៍អន្តរជាតិ ក៏ដូចជាអង្គការសុខភាពពិភពលោកផងដែរ។ នៅដំណាក់កាលគន្លឹះ និងចំណុចលម្អិតនីមួយៗនៃការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង លោក ស៊ី ជីនភីង សុទ្ធតែបានផ្តល់អនុសាសន៍យ៉ាងចំគោលដៅ។
* តើត្រូវចាត់ចែងការងារប្រយទ្ធប្រឆាំង នឹងជំងឺឆ្លងយ៉ាងដូចម្តេច? លោក ស៊ី ជីនភីង បានចង្អុលបង្ហាញពីចំណុចគន្លឹះ ពោលគឺ «បើសិនជាក្រុងវូហានទទួលបានជោគជ័យ នោះខេត្តហ៊ូប៉ីនឹងទទួលបានជោគជ័យ បើសិនជាខេត្តហ៊ូប៉ីនឹងទទួលបានជោគជ័យ នោះប្រទេសចិនទាំងមូលនឹងទទួលបានជោគជ័យ»។
* តើត្រូវបង្ការ និងគ្រប់គ្រងជំងឺឆ្លងយ៉ាងដូចម្តេច? លោក ស៊ី ជីនភីង បានលើកពីវិធីសាស្រ្តគ្រប់គ្រងគន្លឹះ ពោលគឺ «គ្រប់គ្រងប្រភពចម្លង កាត់ផ្តាច់មធ្យោបាយចម្លង» ។
* តើត្រូវព្យាបាលអ្នកជំងឺយ៉ាងណា? លោក ស៊ី ជីនភីង លើកឡើងថា «រាល់ករណីឆ្លងត្រូវទទួលឱ្យចូលសម្រាកក្នុងមន្ទីរពេទ្យ ដើម្បីព្យាបាលករណីទាំងអស់»។ អនុសាសន៍របស់លោក ស៊ី ជីនភីង បានណែនាំការងារបង្ការ និងគ្រប់គ្រងជំងឺឆ្លងតាំងពីដើមដល់ចប់ ដែលជាគំនិត និងសមត្ថភាពអភិបាលកិច្ចជាតិដ៏ទំនើប។
ពេលលោក ថេដ្រូស (Tedros) អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) អញ្ជើញត្រួតពិនិត្យការងារនៅប្រទេសចិន លោកបានមើលឃើញផ្ទាល់ពីសភាពការណ៍ ដែលលោក ស៊ី ជីនភីង បញ្ជាការងារបង្ការ និងគ្រប់គ្រងជំងឺឆ្លង លោកបានវាយតម្លៃដោយលើកទីប្រការដ៏កម្រចំនួនពីរ ទី ១ គឺប្រទេសចិនបានប្រតិកម្មយ៉ាងឆាប់រហ័ស និងធ្វើក្នុងទ្រង់ទ្រាយធំ ដែលកម្រមានលើពិភពលោក ហើយទី ២ គឺប្រព័ន្ធរបបរបស់ចិនប្រកបដោយកម្លាំងខ្លាំងក្លា វិធានការរបស់ប្រទេសចិនមានប្រសិទ្ធភាព គឺកម្រមានលើពិភពលោកដែលគួរឱ្យស្ងប់ស្ងែង។
ពេលនេះ ផ្កាសាគូរ៉ាលើភ្នំ លូវជា (Luo Jia) នៃក្រុងវូហានកំពុងរីកយ៉ាងស្គុះស្គាយ ចំណែកឯសង្គ្រាមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត១៩ ដែលដឹកនាំដោយលោក ស៊ី ជីនភីង ក៏នឹងទទួលបានជោគជ័យក្នុងរដូវផ្ការីកដែរ៕ម៉ែវ សាធី