បុរសម្នាក់ គិតខ្លីបានជិះម៉ូតូមកប៉ងលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វា តែមិនបានសម្រេច។
ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ១១ព្រឹកថ្ងៃទី៩ ខែ មីនា ឆ្នាំ២០២០ ចំណុចស្ពានជ្រោយចង្វា (ស្ពានមិត្តភាពកម្ពុជាចិន) ក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ប្រភពពត៌មានបានឲ្យដឹងថាបុរសដែលប៉ងលោតទឹកសម្លាប់ខ្លួនមានឈ្មោះ ផល អាយុប្រមាណជាង៣០ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ស្ពឺ។
តាមសម្ដីជនរងគ្រោះ បាននិយាយថា មូលហេតុដែលគាត់ គិតខ្លីបែបនេះ ដោយមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ គឺប្រពន្ធបានលែងលះជាមួយគាត់ ទុកឲ្យខ្លួនគាត់ក្លាយជាប្រុសពោះម៉ាយ បាក់ទឹកចិត្ត ទើបសម្រេចចិត្តធ្វើបែបនេះ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានអប់រំនិយាយណែនាំបុរសដែលប៉ងលោតទឹកសម្លាប់ខ្លួនកុំឲ្យគិតខ្លីបែបនេះ រួចឲ្យត្រឡប់ទៅផ្ទះវិញ៕ជ្រោយពេជ្រ