កណ្តាល ៖ យុវជនម្នាក់បានរងរបួសធ្ងន់ដោយជនសង្ស័យយកកែវស្រាគប់ទៅលើត្រូវ ចំសៀតថ្កាខាងស្ដាំ រង ក្នុងពិធីមង្គលការកូនអ្នកភូមិនៅ វេលាម៉ោង១១និង៣០នាទីយប់ថ្ងៃ ពុធ ៣រោច ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅចំណុចរោងការមុខផ្ទះឈ្មោះ អែម ក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល
មន្រ្តីនគរបាល ស្រុកមុខកំពូល បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ធឿន សៀងហៃ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិក្រោមឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្កណ្ដាល មុខរបរ កម្មករ រត់តុការ របួសធ្ងន់ចំសៀតផ្កាខាងស្ដាំ០១កន្លែង។
រីឯជនសង្ស័យ ឈ្មោះ រិន រ៉ាណូ ហៅជ្រុយ ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរចាក់មេត្រូតាមរោងការនិងបុណ្យ ពេលនេះកំពុងគេចខ្លួន ។
ប្រភពដដែលបានឲ្យដឹងថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅកន្លែងកើតហេតុមានធ្វើពិធីមង្គលការកូនអ្នកភូមិ ហើយពេលនោះជនសង្ស័យ បានមកចាក់មេក្រូកំដរពិធីមង្គលការ។ ចំណែកជនរងគ្រោះបានមកធ្វើជាកម្មកររត់តុបំរើភ្ញៀវក្នុងពិធីមង្គលការនោះដែរ។ លុះដល់ម៉ោង១១យប់ ពិធីមង្គលការបានចប់ហើយ ឯខាងចុងភៅបានរើឥវ៉ាន់ដើម្បីយកទៅផ្ទះវិញ ។ ដោយឡែកជនសង្ស័យ និងជនរងគ្រោះបាននៅផឹកស៊ីជាមួយគ្នា នៅចំណុចកើតហេតុខាងលើធ្វើឲ្យពេលនោះជនរងគ្រោះមានភាពស្រវឹងខ្លាំង ហើយបាននិយាយឡូឡាតែម្នាក់ឯង ។ពេលឃើញដូច្នេះជនសង្ស័យបានទៅឃាត់ជនរងគ្រោះកុំឲ្យ មាត់ឡូឡាទៀត ប៉ុន្តែជនរងគ្រោះមិនស្ដាប់ថែមទាំងនិយាយពាក្យមិនគប្បីទៅលើ ជនសង្ស័យទៀត។ ភ្លាមនោះជនសង្ស័យខឹងក៏បានយកកែវស្រា គប់ទៅលើជនរងគ្រោះ ចំសៀតថ្កាខាងស្ដាំមួយកែវ បណ្ដាលឲ្យបែកហូរឈាមយ៉ាងខ្លាំងនិងដួលសន្លប់នៅកន្លែងកើតហេតុតែម្តង ។ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានគេចខ្លួនបាត់។ ចំណែកជនរងគ្រោះត្រូវបានមិត្តភក្ដិ និងបងប្អូននាំយកទៅព្យាបាល នៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ។ ក្រោយទទួលបានព័ត៌មានខាងលើកម្លាំងប៉ុស្តិ៍នគបាលរដ្ឋបាលព្រែកអញ្ចាញ បានចុះទៅដល់កន្លែងកើតហេតុស្វែងរក ជនសង្ស័យ រួមជាមួយ វត្ថុតាង តែជនសង្ស័យគេចខ្លួនបាត់ ។
ប្រភពដដែលបានពន្តថា ក្នុងករណីនេះកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកអញ្ចាញនិងជំនាញកំពុងបន្តស្រាវជ្រាវ រកចាប់ជនសង្ស័យដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ សហការី