ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងហ្គេមបាញ់ត្រីចំនួន២កន្លែង ត្រូវពលរដ្ឋនាំគ្នាវាយកម្ទេចចោល ក្រោយមានជនសង្ស័យមួយក្រុមប្រើដាវសាំម៉ូរ៉ៃ គំរាមប្លន់យកទូរស័ព្ទដៃចំនួន ២គ្រឿងពីអ្នកភូមិ

ចែករំលែក៖

ភ្នំពេញ៖ ដោយសារតែទីតាំងហ្គេមបាញ់ត្រីចំនួន២ កន្លែង ដែលជាជំរកជនសង្គមងងឹតតែងតែនាំគ្នាមកពួនសំងំលាក់ខ្លួនក្រោយប្រព្រឹត្តបទល្មើសលួច ឆក់ ប្លន់ ពីប្រជាពលរដ្ឋបានហើយ ក្រុមជនល្មើសទាំងនោះមកទិញគ្រឿងញៀន ដើម្បីជក់ ដូច្នេះបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងភូមិស្វាយប៉ាក មានការភ័យខ្លាចព្រួយបារម្ភពីសុខសុវត្ថិភាពកូនចៅទើបនៅវេលាម៉ោង ១១និង១០នាទីព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ស្ថិតត្រង់ផ្ទះគ្មានលេខផ្លូវលំក្រុមទី៧ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក៏នាំគ្នាជាង១០០នាក់ មកវាយកម្ទេចកន្លែងហ្គេមបាញ់ត្រីចំនួន ២កន្លែងខ្ទេចគ្មានសល់បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅត្រួតពិនិត្យជាក់ស្តែង ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋខាងលើ បានឲ្យដឹងថា ទីតាំងហ្គេមបាញ់ត្រីខាងលើ លួចលាក់បើកដំណើរការជាច្រើនឆ្នាំមកហើយ មានជនញៀនល្បែងជាច្រើនចូលមកលេង បង្កការភាពរញ៉េរញ៉ៃ រំខានមិនថាយប់ឫថ្ងៃ កើតមានអំពើចោរកម្ម លួច ឆក់ប្លន់ មិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចណាចុះបង្ក្រាបនោះទេ ។

ប្រជាពលរដ្ឋបន្តថា ជាក់ស្តែងកាលពីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ថ្មីៗនេះ មានករណីជនសង្ស័យមួយក្រុមមានគ្នាចំនួន ៦នាក់ ប្រដាប់ដោយដាវសាំម៉ូរ៉ៃ បានដើរចេញមកពីក្នុងទីតាំងហ្គេមបាញ់ត្រីខាងលើនេះ រួចធ្វើសកម្មភាពគំរាមប្លន់យកទូរស័ព្ទដៃចំនួន ២គ្រឿង ពីអ្នកភូមិខណៈដែលកំពុងអង្គុយលេងនៅខាងមុខផ្ទះ និងបានកាប់បំផ្លាញម៉ូតូពលរដ្ឋចំនួន២គ្រឿងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ជាហេតុដែលធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ មានការខឹងសម្បារ យ៉ាងខ្លាំងទៅលើក្រុមជនល្មើសទាំងនោះ ។

ពលរដ្ឋបន្តទៀតថា លុះនៅវេលាម៉ោងកើតហេតុខាងលើ ទើបប្រជាពលរដ្ឋរស់នៅក្នុងភូមិមានគ្នាប្រមាណជាង ១០០គ្រួសារ បានសម្រេចចិត្តនាំគ្នាទៅវាកម្ទេចទីតាំងហ្គេមបាញ់ត្រីទាំង ២នេះ និងយកទូហ្គេមបាញ់ត្រីចំនួន ៤គ្រឿង បណ្តាលឲ្យខូចខាតតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ បានត្រឹមតែឃាត់ពលរដ្ឋមិនឲ្យមានអំពីហិង្សាកើតឡើង រួចសួរនាំរកម្ចាស់ទីតាំងដែលតែគ្មានអ្នកណាចេញមុខសោះ ទើបសម្រេចបិតទ្វារបណ្ដោះអាសន្នផងដែរ ៕ស រស្មី


ចែករំលែក៖