ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូហុងដាឌ្រីមមួយគ្រឿងបើកបុកគូថរថយន្តវីហ្គោពេញទំហឹងបណ្ដាលឲ្យរបួសធ្ងន់២នាក់

ចែករំលែក៖

កណ្ដាល៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿងជិះគ្នា២នាក់ បើកបោះពួយលឿនដូចហោះ ឈប់មិនទន់បុកគូថរថយន្តម៉ាកវីហ្គោមួយគ្រឿងបើកនៅខាងមុខពេញមួយទំហឹង បណ្ដាលឲ្យបុរស២នាក់ ជាអ្នកជិះម៉ូតូរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៧និង១០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ២២-២៣ ស្ថិតក្នុងភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះរបួសធ្ងន់មាន២នាក់ទី១_ឈ្មោះ អូ ភេទប្រុស អាយុ៣២ឆ្នាំ ជាកម្មករឡឥដ្ឋ ស្នាក់នៅក្នុងឡឥដ្ឋ ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ជាអ្នកបើកម៉ូតូម៉ាកហុងដាឌ្រីម ធុនC125 ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FU2096 និងទី២_ឈ្មោះ ស្រី កក្ដដា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិស្វាយអាត់លើ ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្ដាល ជាអ្នករួមដំណើរ ។ ចំណែករថយន្តម៉ាវីហ្គោ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2F5741 អ្នកបើកបររត់គេចបាត់ខ្លួនបាត់ស្រមោល ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះទាំង២នាក់ខាងលើ បើកម៉ូតូបើកម៉ូតូឌុបគ្នាតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង ដោយល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក៏ឈប់មិនទាន់បានបុកគូថរថយន្តម៉ាកវីហ្គោពេញមួយទំហឹង ដែលបើកនៅខាងមុខស្របទិសគ្នា បណ្ដាលឲ្យជនរងគ្រោះ២នាក់ខាងលើទទួលរងរបួសធ្ងន់ ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ចំណែកមធ្យោបាយពាក់ពូន្ធ ត្រូវបាននគរបាលជំនាញចរាចរណ៍ស្រុក ចុះពិនិត្យ និងវាស់វែងរួចកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាង ជ័យ


ចែករំលែក៖