ខេត្តកំពង់ធំ ៖ នៅព្រឹក ថ្ងៃអង្គារ ៩រោច ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែ មីនា ឆ្នាំ២០២០លោក តាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ (សុវត្ថិភាពនៅទីសត្តឃាតដ្ឋាន) ចុះបាញ់ថ្នាំសម្លាប់មេរោគការពារផ្ដាសាយបក្សីនៅតាមទីសត្តឃាតដ្ឋាន និងទីផ្សារក្នុងខេត្តមាន ៩ ក្រុងស្រុកក្នុងខេត្តកំពង់ធំ ដើម្បីលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ ឱ្យបានកាន់តែល្អប្រសើរ។
ប្រភពពីមន្រ្តីផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តកំពង់ធំ បានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោមបញ្ជាលោក សុខ លូ អភិបាលខេត្តកំពង់ធំ និង លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយផ្អែកតាមការណែនាំអគ្គនាយកដ្ឋាន ផលលិតកម្ម និងសុខភាពសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក តាន់ ម៉េងឆាង បានបញ្ជាក់ផងដែរថា ការបាញ់ថ្នាំសម្លាប់មេរោគការពារផ្តាសាយបក្សី និងប៉េសអាហ្វ្រិក ធ្វើឡើងនៅទីសត្តឃាតដ្ឋាន និងទីផ្សារទាំង៩ក្រុងស្រុកក្នុងខេត្តកំពង់ធំ រៀងរាល់មួយសប្តាហ៍ម្តងៗ ព្រមទាំងបានបាញ់ទៅលើរថយន្ត រ៉ឺម៉កដែលបានដឹកសត្វចូលមកទីសត្តឃាតផងដែរ ហើយនេះគឺជាវិធានការមួយ ក្នុងការការពារការឆ្លងរីករាលដាលទៅដល់សត្វ ដែលបានដឹកជញ្ជូនពីប្រភពខាងក្រៅ។
លោកបានបន្តទៀតថា សត្វដែលបានដឹកជញ្ជូនពីក្រៅខេត្តផ្សេងៗមកចូលក្នុងខេត្តកំពង់ធំមុននឹងកាប់សម្លាប់ត្រូវបានពិនិត្យសុខភាព និងត្រួតពិនិត្យទៅលើអាជ្ញាប័ណ្ណនាំចូលបានត្រឹមត្រូវ ដើម្បីគិតគូរពីសុខមាលភាពរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរ តាងនាមឲ្យមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទលោកបានសូមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមសហការជាមួយជំនាញ និងចាត់វិធានការការពារក្នុងការការពារជំងឺឆ្លង ក៏ដូចជាមុននឹងទិញសាច់ត្រូវពិនិត្យមើលថា តើសាច់ណាមានការបោះត្រាចេញពីពេទ្យសត្វ ឬអត់ បើគ្មានបោះត្រាទេកុំទិញយកទៅហូបឲ្យសោះ ព្រោះសត្វទាំងនោះអាចជនខិលខូចលួចកាប់យកមកលក់ ឬសត្វមានជំងឺ ៕ សហការី