មន្ត្រីជាន់ខ្ពស់ នៅបណ្តាប្រទេស និងស្ថាប័នធំៗរបស់ពិភពលោក ក៏ឆ្លងកូវីដ-១៩ ដែរ ។ នៅពេលនេះ នាយកប្រតិបត្តិអង្គការស្បៀងអាហារពិភពលោក WFP បានរកឃើញឆ្លងវីរុសកូវីដ-១៩។ នេះជារឿងមួយគួឲ្យបារម្ភបំផុតដែលមន្ត្រីសំខាន់ៗរបស់ពិភពលោក ត្រូវដាក់ឲ្យនៅដាច់ដោយឡែក ដោយសារតែជំងឺក៏ឃោឃៅនេះ។
សារព័ត៌មានCNN នៅថ្ងៃសុក្រ ទី២០ ខែមីនា បានផ្សាយថា លោក David Beasley នាយកប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិត្រូវបានគេធ្វើតេស្តឃើញមានផ្ទុក COVID-19។
លោក Beasley ដែលធ្លាប់មានតួនាទីជាអភិបាលរដ្ឋ South Carolina របស់សហរដ្ឋអាមេរិក បាបញ្ចាក់ថា ឥឡូវនេះលោកកំពុងតែ សហការជាមួយក្រុមការងារនៃអង្គការ WFP របស់លោក ដើម្បីស្វែងរកបុគ្គល ដែលលោកទំនងបានធ្វើប្រាស្រ័យទាក់ទងជាមួយ កំឡុង ពេលដែលរូបលោកមិនដឹងខ្លួនថាបានឆ្លងជំងឺនេះ។
លោក Beasley ឲ្យដឹងទៀតថា លោកបានមានអារម្មណ៍ថា មិនសូវស្រួលខ្លួន បន្ទាប់ពីលោក បានត្រឡប់មកដល់លំនៅឋាន នៅសហរដ្ឋអាមេរិកវិញ ក្រោយបំពេញដំណើរទស្សនកិច្ចផ្លូវការមួយនៅប្រទេសកាណាដា ហើយ លោកក៏បានសម្រេចចិត្តដាក់ខ្លួនឯងនៅដាច់ដោយឡែក កាលពី៥ថ្ងៃមុន។ លោក Beasley បានបន្តថា មកទល់ពេលនេះ លោក មិនមានរោគសញ្ញាធ្ងន់ធ្ងរឡើយ៕