ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យអភិបាលខណ្ឌ និងប្រធានមន្ទីរពាក់ព័ន្ធនានា សង្ស័យថាលក់ឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ១៩ មិនស្របច្បាប់

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចេញបញ្ជាជាបន្ទាន់មួយនៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ដោយបញ្ជាក់ថា៖ ជូនលោក-លោកស្រីជាអភិបាលខណ្ឌ ប្រធានមន្ទីរ ចំណុះរដ្ឋបាលរាជធានីភ្នំពេញឱ្យជ្រាបថា៖ នាប៉ុន្មានថ្ងៃចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញសង្កេតឃើញថាមានសកម្មភាពលក់-ទិញនូវឧបករណ៍ ដើម្បីធ្វើតេស្តរកមេរោគកូវីដ ១៩ដោយខ្លួនឯង ដោយមិនមានការអនុញ្ញាតពីក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឡើយ។ ដើម្បីជៀសវាងនូវផលវិបាកដែលកើតឡើងពីការធ្វើតេស្តរកមេរោគកូវីដ១៩ដោយខ្លួនឯងនេះ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ខ្ញុំសូមណែនាំឱ្យលោក លោកស្រីជាអភិបាលខណ្ឌ និងប្រធានមន្ទីរពាក់ព័ន្ធនានា ត្រូវអនុវត្តដូចខាងក្រោម ៖
១. ចុះពិនិត្យទីតាំងអាជីវកម្មដែលមានការសង្ស័យថាលក់ឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ១៩ ដោយខ្លួនឯង និងត្រូវដកហូតឧបករណ៍ទាំងនោះ យកមករក្សាទុកជាបន្ទាន់
២. ត្រូវណែនាំដល់មេភូមិ និងចៅសង្កាត់ឱ្យចុះណែនាំបន្តដល់បងប្អូនប្រជាពលរដ្ឋកុំឱ្យចាញ់ឱបាយកលរបស់អ្នកលក់ឧបករណ៍ធ្វើតេស្តរកមេរោគកូវី១៩ នេះដោយខ្លួនឯង
៣. ត្រូវរាយការណ៍ពីលទ្ធផលនៃការអនុវត្តការងារខាងលើ មកខ្ញុំតាមប្រព័ន្ធ WhatsApp’s ឬ Telegram ជាកំហិត។
អាស្រ័ហេតុនេះ សូមលោក លោកស្រី អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕ដោយ៖ សិលា


ចែករំលែក៖