អាម៉េរិក៖ មកដល់ថ្ងៃទី៣ ខែមេសា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅលើពិភពលោកបានកើនឡើងដល់ទៅ ជាង១លាននាក់ហើយ ក្នុងនោះមួយភាគបី នៃករណីនេះកើតនៅលើទឹកដីសហរដ្ឋអាមេរិក។ ក្នុងរយៈពេល២៤ម៉ោងកន្លងមក អាមេរិកមានករណីស្លាប់ថ្មី ដល់ទៅជាង១.១៦៩នាក់ ធ្វើឲ្យអ្នកស្លាប់កើនឡើងជាង៦ពាន់នាក់ និងឆ្លងបានកើនឡើងដល់ជាង២៤៤ពាន់នាក់ ក្នុងនោះចំណែកអ្នកជាសះស្បើយជាង១០ពាន់នាក់។
សហរដ្ឋអាមេរិក គឺជាទីកន្លែងដែលវីរុស COVID-19 កំពុងឆ្លងរាតត្បាតខ្លាំងជាងគេបំផុត នៅលើពិភពលោក ដោយមានអ្នកឆ្លងយ៉ាងតិច២៣៦.៣៣៩នាក់ ហើយក្នុងនោះ អ្នកជំងឺ៥.៦៤៧ នាក់បានស្លាប់។
ទោះជាយ៉ាងណាក៏ដោយប្រទេសអ៊ីតាលី មានអ្នកជំងឺ COVID-19 សរុប១១៥.២៤២នាក់ និងមានអ្នកស្លាប់ រហូតដល់១៣.៩១៥នាក់ បណ្តាលមកពីវីរុសដ៏កាចសាហាវមួយនេះ។
អេស្ប៉ាញ និងអាល្លឺម៉ង់ ជាប្រទេសទីបី និងទី៤ដែលមានអ្នកជំងឺCOVID-19 ច្រើនបំផុត ហើយបន្ទាប់មកគឺប្រទេសចិន។ ប្រទេសចិនជាទីផ្ទុះឡើង នៃ COVID-19 ដំបូងគេនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី នាភាគកណ្តាលចិននោះ បានធ្លាក់ចុះមក នៅលេខរៀងទី៥ ជាប្រទេសឆ្លងរាតត្បាត ដោយវីរុស COVID-19 ។
អេស្ប៉ាញមានអ្នកឆ្លងជំងឺ COVID-19 ចំនួន១១០.២៣៨នាក់ ក្នុងនោះ១០.០៩៦នាក់ បានបាត់បង់ជីវិត ខណៈនៅអាល្លឺម៉ង់មានអ្នកឆ្លង COVID-19 ចំនួន៨៤.៦០០នាក់ ក្នុងនោះបាត់បង់ជីវិត១.០៩៧នាក់ ។
បើទោះជាអ្នកជំងឺ COVID-19 នៅជុំវិញពិភពលោក បានបណ្តាលឲ្យស្លាប់មនុស្សជាង៥២ .០០០ក៏ពិតមែន។ ប៉ុន្តែអ្នកជំងឺប្រហែល២០៨.៩៤៩នាក់ បានជាសះស្បើយវិញផងដែរ។
ថ្មីៗនេះមានការព្យាករណ៍ថា អ្នកជំងឺ COVID-19 នៅលើទឹកដីអាមេរិក អាចនឹងបាត់បង់ជីវិត ចន្លោះពី១០០ពាន់នាក់ដល់២៤០ពាន់នាក់ ប្រសិនបើជាមិនមានការអន្តរាគមន៍ទេនោះ ។
ក្រុមអ្នកជំនាញ បានអះអាងថា អ្នកជំងឺ COVID-19 អាចនឹងស្លាប់ កើនដល់២,២លាននាក់ បើសិនពុំមានការអន្តរាគមន៍ទេនោះ។
អាមេរិក និងសម្ព័ន្ធមិត្តរវល់តែធ្វើសង្គ្រាមប្រឆាំងកូវីដ-១៩ ទុកឲ្យមានជម្លោះប្រហោងជាច្រើន នៅលើពិភពលោក។ ចំណុចទាំងនោះហើយ បានជាអ្នកឯកទេសវិភាគលើកឡើងថា កូវីដ-១៩ បើកទ្វារឲ្យចិន និងរុស្ស៊ី «ជំនួស»កន្លែងអាមេរិកនៅលើឆាកអន្តរជាតិ។
រុស្ស៊ីនិងចិន កំពុងតែបង្កើនឥទ្ធិពលជាមេដឹកនាំពិភពលោក ដោយប្រទេសទាំងពីរបានធ្វើសកម្មភាពជាច្រើន ដើម្បីជួយដល់បណ្តាប្រទេសមហាអំណាច និងប្រទេសទាំងអស់នៅលើពិភពលោកក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩។
បច្ចុប្បន្នអាមេរិកកំពុងតែជាប់ដៃធ្វើសង្គ្រាមប្រឆាំងការរាតត្បាតនៃវីរុសកូវីដ-១៩ ក្នុងប្រទេស ក្នុងពេលដែលមានអ្នកស្លាប់ជាង១ពាន់នាក់ក្នុងមួយថ្ងៃ នឹងឆ្លងរាលដាលរាប់ម៉ឺននាក់។ មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបាននិយាយទៅកាន់សារព័ត៌មាន Newsweek ថាហេតុការទាំងនោះបានរារាំងអាមេរិកមិនអាចបំពេញតម្រូវការរបស់ពិភពលោកបានឡើយ។ ចំណែកចិន និងរុស្ស៊ីវិញ បានបំពេញជម្លោះប្រហោចដែលអាមេរិកបន្សល់ទុក ធ្វើឲ្យឥទ្ធិពលរបស់ប្រទេសទាំងពីរកាន់តែកើនឡើងនៅលើឆាកអន្តរជាតិ។
អាចនិយាយបានថា មហាអំណាចទីមួយនៅលើពិភពលោកអាមេរិក និងសម្ព័ន្ធមិត្តនៅអឺរ៉ុប ទោះបីមិនចង់ក៏ត្រូវពឹងពាក់ទៅលើចិន និងរុស្ស៊ីឲ្យជួយក្នុងការទប់ស្កាត់ឆ្លងរាលដាលកូវីដ-១៩ ។ ចិនបានផ្គត់ផ្គង់បរិក្ខាពេទ្យជាច្រើនដល់អាមេរិក និងអឺរ៉ុប។
ក្រុមអ្នកឯកទេសបានលើកឡើងថា ស្ថានភាព នៃការឆ្លងរាលដាលកូវីដ-១៩ អាចនឹងអូសបន្លាយពេញមួយឆ្នាំ២០២០នេះ នឹងជួយដល់ចិនរុស្ស៊ីបង្កើនឥទ្ធិពលកាន់តែខ្លាំងនៅលើឆាកអន្តរជាតិ។ អាចនិយាយបានថា ប្រទេសទាំងអស់កំពុងតែជំពាកគុណចិន រុស្ស៊ីក្នុងសង្គ្រាមស្លាប់រស់ប្រឆាំងកូវីដ-១៩។
កូវីដ-១៩ធ្វើឲ្យទម្រងសេដ្ឋកិច្ចនៅលើពិភពលោកប្រែប្រួល។ អង្គការសហប្រជាជាតិ បានព្រមានថា កូវីដ-១៩អាចនឹងបង្កឲ្យមានអសន្តិសុខ អំពើហិង្សាកើតឡើងជាថ្មី។
ក្នុងពេលកូវីដ-១៩ក្លាយជាសកល មហាអំណាចទីមួយរបស់អាមេរិក បែជាមិនអាចធ្វើអ្វីបាន បើទោះបីមានវិស័យសុខាភិបាលវេជ្ជសាស្ត្រ រីកចំរើនក្តី។ ឃ្លាំងស្តុកសម្ភារសុខាភិបាលអាមេរិកមិនសល់អ្វីឡើយ ត្រូវបង្ខំចិត្តដណ្តើមទំនិញពីសម្ពន្ធមិត្តបារាំង។ បរិក្ខាពេទ្យ និងម៉ាស់រៀបចំរួចរាល់នៅលើយន្តហោះ ក៏ត្រូវអាមេរិកដណ្តើមទិញយកផងដែរ ដោយឲ្យតម្លៃទ្វេដង។
ចំណែករុស្ស៊ីវិញក៏ដូចគ្នាបើទោះបីកំពុងរងការដាក់ទណ្ឌកម្មពីអាមេរិក តែរុស្ស៊ី បានបញ្ជូនយន្តហោះយោធាដឹកសម្ភារ ពេទ្យទៅជួយដល់អាមេរិក ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា សកម្មភាពរបស់រុស្ស៊ី និងចិនមិនជាប់ពាក់ព័ន្ធនិយោបាយ ឬក៏ប្រជែងអំណាចពីអាមេរិកនោះឡើយ គឺជាសកម្មភាពមនុស្សធម៌ជួយដល់មនុស្សជាតិនៅលើភពផែនដីមិនថា ជាមិត្តឬសត្រូវនោះឡើយ។ សត្រូវរួមរបស់មនុស្សជាតិ គឺកូវីដ-១៩ ហើយពិភពលោកត្រូវតែយកឈ្នះវា ឲ្យបានឆាប់បំផុត។
មនុស្សជាច្រើនបានសាក់សំណួរសួរថា ប្រសិនបើចិនមិនជួយ តើមានប្រទេសណាមួយដែលមានលទ្ធភាពសមត្ថភាព ក្នុងការផលិតបានច្រើន ទៅចែកចាយដល់ប្រទេសជុំវិញពិភពលោក បើអាមេរិកអឺរ៉ុកក៏ត្រូវការចិនជួយដែរនោះ។ ចំណុចទាំងនោះហើយឥទ្ធិពលរបស់ចិនកើនឡើងដោយស្វ័យប្រវត្តតាមរយៈការដឹងគុណរបស់បណ្តាប្រទេស ពេលមានទុក គឺមានចិនទៅជួយ៕ ដោយ៖ ធី រីណា