ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរាជាតិ៖ ឥទ្ធិពលរបស់ចិន និងរុស្ស៊ីនៅលើពិភពលោកកាន់តែខ្លាំងឡើង ខណៈអាមេរិកជាប់រវល់ទប់ទល់កូវីដ-១៩

ចែករំលែក៖

អាម៉េរិក៖ មកដល់ថ្ងៃទី៣ ខែមេសា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅលើពិភពលោកបាន​កើនឡើងដល់ទៅ ជាង​១លាននាក់ហើយ ក្នុងនោះមួយភាគបី​​ នៃករណីនេះកើត​នៅលើទឹកដីសហរដ្ឋអាមេរិក។ ក្នុងរយៈពេល​២៤ម៉ោងកន្លងមក អាមេរិកមានករណីស្លាប់ថ្មី​ ដល់ទៅជាង​១.១៦៩នាក់ ធ្វើឲ្យអ្នកស្លាប់កើនឡើងជាង​៦ពាន់នាក់ និងឆ្លងបានកើនឡើងដល់ជាង​២៤៤ពាន់នាក់ ក្នុងនោះចំណែកអ្នកជាសះស្បើយជាង​១០ពាន់នាក់។

សហរដ្ឋអាមេរិក ​គឺជាទីកន្លែងដែលវីរុស COVID-19 កំពុងឆ្លងរាតត្បាតខ្លាំងជាងគេបំផុត ​នៅលើពិភពលោក ដោយមានអ្នកឆ្លងយ៉ាងតិច២៣៦.៣៣៩នាក់ ហើយក្នុងនោះ អ្នកជំងឺ៥.៦៤៧​​ នាក់​បានស្លាប់។

ទោះជាយ៉ាងណាក៏ដោយប្រទេសអ៊ីតាលី មានអ្នកជំងឺ COVID-19 សរុប១១៥.២៤២នាក់ និងមានអ្នកស្លាប់ រហូតដល់១៣.៩១៥នាក់ បណ្តាលមកពីវីរុស​ដ៏កាចសាហាវមួយនេះ។

អេស្ប៉ាញ​ និងអាល្លឺម៉ង់ ជាប្រទេស​ទីបី និងទី​៤ដែលមានអ្នកជំងឺCOVID-19 ​ច្រើនបំផុត ហើយបន្ទាប់មកគឺប្រទេសចិន។ ប្រទេសចិន​ជាទីផ្ទុះឡើង នៃ COVID-19 ដំបូង​គេនៅ​ទីក្រុងវូហាន ខេត្តហ៊ូប៉ី នាភាគកណ្តាល​ចិននោះ បានធ្លាក់ចុះ​មក នៅ​លេខរៀងទី៥ ជាប្រទេស​ឆ្លង​រាតត្បាត ដោយវីរុស COVID-19 ។

អេស្ប៉ាញ​មានអ្នកឆ្លងជំងឺ COVID-19 ចំនួន១១០.២៣៨នាក់ ក្នុងនោះ១០.០៩៦នាក់​ បានបាត់បង់ជីវិត ខណៈនៅអាល្លឺម៉ង់មានអ្នកឆ្លង​ COVID-19 ចំនួន​៨៤.៦០០នាក់ ក្នុងនោះបាត់បង់ជីវិត១.០៩៧​នាក់ ។

បើទោះជាអ្នកជំងឺ COVID-19 នៅជុំវិញពិភពលោក ​បានបណ្តាលឲ្យស្លាប់​មនុស្សជាង៥២ .០០០ក៏ពិតមែន។ ប៉ុន្តែ​អ្នកជំងឺ​ប្រហែល២០៨.៩៤៩​នាក់ បានជាសះស្បើយវិញផងដែរ។

ថ្មីៗនេះមានការព្យាករណ៍ថា អ្នកជំងឺ COVID-19 នៅលើទឹកដីអាមេរិក ​អាចនឹងបាត់បង់ជីវិត ​ចន្លោះពី១០០ពាន់នាក់ដល់​២៤០ពាន់នាក់​ ប្រសិនបើជាមិនមានការអន្តរាគមន៍ទេនោះ ។

ក្រុមអ្នកជំនាញ​ បានអះអាងថា អ្នកជំងឺ COVID-19 អាចនឹងស្លាប់​ កើនដល់២,២​លាននាក់ បើសិនពុំមានការអន្តរាគមន៍ទេនោះ។

អាមេរិក និងសម្ព័ន្ធមិត្តរវល់តែធ្វើសង្គ្រាមប្រឆាំងកូវីដ-១៩ ទុកឲ្យមានជម្លោះប្រហោងជាច្រើន នៅលើពិភពលោក​។ ចំណុចទាំងនោះហើយ បានជាអ្នកឯកទេសវិភាគលើកឡើងថា កូវីដ-១៩ បើកទ្វារឲ្យចិន និងរុស្ស៊ី «ជំនួស»កន្លែងអាមេរិកនៅលើឆាកអន្តរជាតិ។

រុស្ស៊ីនិងចិន កំពុងតែបង្កើនឥទ្ធិពលជាមេដឹកនាំពិភពលោក ដោយប្រទេសទាំងពីរបានធ្វើសកម្មភាពជាច្រើន ដើម្បីជួយដល់បណ្តាប្រទេសមហាអំណាច និងប្រទេសទាំងអស់នៅលើពិភពលោកក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩។

បច្ចុប្បន្នអាមេរិកកំពុងតែ​ជាប់ដៃធ្វើសង្គ្រាមប្រឆាំងការរាតត្បាតនៃវីរុសកូវីដ-១៩ ក្នុងប្រទេស  ក្នុងពេលដែលមានអ្នកស្លាប់ជាង​១ពាន់នាក់ក្នុងមួយថ្ងៃ នឹងឆ្លងរាលដាលរាប់ម៉ឺននាក់។  មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបាននិយាយទៅកាន់សារព័ត៌មាន​ Newsweek ថាហេតុការទាំងនោះបានរារាំងអាមេរិកមិនអាចបំពេញ​តម្រូវការរបស់ពិភពលោកបានឡើយ។ ចំណែកចិន និងរុស្ស៊ីវិញ បានបំពេញជម្លោះប្រហោច​ដែលអាមេរិកបន្សល់ទុក ធ្វើឲ្យឥទ្ធិពលរបស់ប្រទេសទាំងពីរ​កាន់តែកើនឡើងនៅលើឆាកអន្តរជាតិ​។

អាចនិយាយបានថា មហាអំណាចទីមួយនៅលើពិភពលោកអាមេរិក និងសម្ព័ន្ធមិត្តនៅអឺរ៉ុប ទោះបីមិនចង់ក៏ត្រូវពឹងពាក់ទៅលើចិន និងរុស្ស៊ីឲ្យជួយក្នុងការទប់ស្កាត់ឆ្លងរាលដាលកូវីដ-១៩ ។ ចិនបានផ្គត់ផ្គង់បរិក្ខាពេទ្យ​ជាច្រើន​ដល់អាមេរិក និងអឺរ៉ុប។​

ក្រុមអ្នកឯកទេសបានលើកឡើងថា ស្ថានភាព នៃការឆ្លងរាលដាលកូវីដ-១៩​ អាចនឹងអូសបន្លាយពេញមួយឆ្នាំ​២០២០នេះ ​នឹងជួយដល់ចិន​រុស្ស៊ីបង្កើនឥទ្ធិពលកាន់តែខ្លាំងនៅលើឆាកអន្តរជាតិ​។ អាចនិយាយបានថា ប្រទេសទាំងអស់កំពុងតែជំពាកគុណចិន រុស្ស៊ី​ក្នុងសង្គ្រាមស្លាប់រស់ប្រឆាំងកូវីដ-១៩។

កូវីដ-១៩​ធ្វើឲ្យទម្រងសេដ្ឋកិច្ចនៅលើពិភពលោកប្រែប្រួល។ អង្គការសហប្រជាជាតិ បានព្រមានថា ​កូវីដ-១៩​អាចនឹងបង្កឲ្យមានអសន្តិសុខ  អំពើហិង្សា​កើតឡើងជាថ្មី​។

ក្នុងពេលកូវីដ-១៩​ក្លាយជាសកល  មហាអំណាចទីមួយរបស់អាមេរិក បែជាមិនអាចធ្វើអ្វីបាន បើទោះបីមានវិស័យសុខាភិបាលវេជ្ជសាស្ត្រ រីកចំរើនក្តី។ ឃ្លាំងស្តុកសម្ភារសុខាភិបាលអាមេរិកមិនសល់អ្វីឡើយ ត្រូវបង្ខំចិត្តដណ្តើមទំនិញពីសម្ពន្ធមិត្តបារាំង។ បរិក្ខាពេទ្យ និងម៉ាស់រៀបចំរួចរាល់នៅលើយន្តហោះ ក៏ត្រូវអាមេរិកដណ្តើមទិញយកផងដែរ ដោយឲ្យតម្លៃទ្វេដង​។

ចំណែករុស្ស៊ីវិញ​ក៏ដូចគ្នាបើទោះបីកំពុងរងការដាក់ទណ្ឌកម្មពីអាមេរិក តែរុស្ស៊ី បានបញ្ជូនយន្តហោះយោធា​ដឹកសម្ភារ ពេទ្យទៅជួយដល់អាមេរិក ។

ក្រុមអ្នកឯកទេសវិភាគ​បានលើកឡើងថា សកម្មភាពរបស់រុស្ស៊ី និងចិនមិនជាប់ពាក់ព័ន្ធនិយោបាយ ឬក៏ប្រជែងអំណាចពីអាមេរិកនោះឡើយ គឺជាសកម្មភាពមនុស្សធម៌​ជួយដល់មនុស្សជាតិនៅលើភពផែនដីមិនថា ជាមិត្តឬសត្រូវនោះឡើយ។ សត្រូវរួមរបស់មនុស្សជាតិ គឺកូវីដ-១៩​ ហើយពិភពលោកត្រូវតែយកឈ្នះវា ឲ្យបានឆាប់បំផុត​។

មនុស្សជាច្រើនបានសាក់សំណួរសួរថា ប្រសិនបើចិនមិនជួយ តើមានប្រទេសណាមួយដែលមានលទ្ធភាពសមត្ថភាព ក្នុងការផលិតបានច្រើន ទៅចែកចាយដល់ប្រទេសជុំវិញពិភពលោក បើអាមេរិកអឺរ៉ុកក៏ត្រូវការចិនជួយដែរនោះ។ ចំណុចទាំងនោះហើយឥទ្ធិពលរបស់ចិនកើនឡើងដោយស្វ័យប្រវត្តតាមរយៈការដឹងគុណ​​របស់បណ្តាប្រទេស ពេលមានទុក គឺមានចិនទៅជួយ៕  ដោយ៖ ធី រីណា


ចែករំលែក៖