ក្រុងប៉ោយប៉ែត៖ បន្ទាប់ពីឱសានវាទរបស់អាជ្ញាធរថៃបានផុតនៅថ្ងៃទី៥ខែមេសាឆ្នាំ២០២០នេះធ្វើឲ្យប្រជាពលរដ្ឋបងប្អូនអាជីវករប្រមាណ៦០នាក់បាននាំគ្នាបម្រុងឆ្លងដែនចូលទៅប្រទេសថៃដើម្បីបើកតូបលក់ដូរឬប្រកបមុខរបផ្សេងៗ ឡើងវិញតែអាជ្ញាធរថៃបានបន្តបិទច្រកទ្វារដដែលនៅព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងឡឹក ខណៈប្រទេសថៃកំពុងប្រកាសអាសន្នពីការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសរបស់ខ្លួន។
នេះបើតាមសារអប់រំណែនាំរបស់លោកអភិបាលរងខេត្តបន្ទាយមានជ័យទៅកាន់ប្រជាពលរដ្ឋដែលប្រមូលផ្តុំគ្នានៅមាត់ច្រកទ្វារប៉ោយប៉ែតនៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ ២០២០នេះ។
លោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា បន្ទាប់ពីភាគីថៃបានប្រកាសបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងឡឹកជាបណ្តោះអាសន្ន ចំនួន១៤ថ្ងៃ ហើយឱសានវាទនេះបានផុតស្រាប់តែមកដល់ថ្ងៃទី០៥ខែមេសា នេះ ភាគីថៃត្រូវបានប្រកាសបិទជាលើកទី២បន្តទៀតរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ខណៈដែលប្រទេសថៃកំពុងដាក់ក្នុងការប្រកាសអាសន្ននៅក្នុងប្រទេសរបស់ខ្លួន ពីការរីករាលដាលនៃជំងឺកូវីដ-១៩ តែបើសិនមានការប្រែប្រួលយ៉ាងណានោះភាគីថៃនឹងជូនដំណឹងបន្តទៀត។
លោកបញ្ជាក់បន្ថែមថា ចំពោះលិខិតឆ្លងដែន ប័ណ្ណព្រំដែន វីសារការងារ នៃប្រជាពលរដ្ឋទាំងពីរ នៅក្នុងអន្តរកាលនៃជំងឺកូវីដ-១៩នេះ ត្រូវបានរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានធ្វើការចរចាសុំឲ្យមានការលើកលែង មិនធ្វើការផាកពិន័យនោះទេ ក្នុងខណៈដែលជំងឺកូវីដ-១៩ កំពុងរាតត្បាត ហើយបើសិនជាករណីចាំបាច់ បំផុតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ឬមានហានីភ័យធ្ងន់ធ្ងរត្រូវសង្គ្រោះបន្ទាន់នោះ អាជ្ញាធរទាំងពីរនិងជួយសម្របសម្រួលអនុញ្ញាតឲ្យយកទៅសង្គ្រោះនៅក្នុងប្រទេសថៃបាន៕ ដោយ៖ វណ្ណា