ព័ត៌មានទាន់ហេតុការណ៍៖

ឃោឃៅម្លេះ ម្ចាស់ផ្ទះជួលចាប់ស្ត្រីមានផ្ទៃពោះ៤ខែម្នាក់ ចងដៃជាប់នឹងទ្វារ នៅខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចក្រោយរោងចក្រឥណ្ឌា ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែន មានករណីម្ចាស់ផ្ទះជួល បានចាប់ចងស្ត្រីមានផ្ទៃពោះ៤ខែម្នាក់ជាប់នឹងទ្វារ ដោយសង្ស័យកើតចេញពីជម្លោះបន្តិចបន្តួច ដោយម្ចាស់ផ្ទះបានបោះពាក្យសម្តីថា “ចង់ប្តឹងទៅណាប្តឹងចុះ” ។

បញ្ហានេះ លោកវរសេនីយ៍ទោ ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែន ថ្លែងប្រាប់នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ នេះ យ៉ាងខ្លីថា ពិតជាមានករណីនេះមែន ហើយសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ៣ កំពុងសាកសួរជនសង្ស័យ រួចក៏ចុចបិទទូរស័ព្ទតែម្តង ។

មជ្ឈដ្ឋានមួយចំនួន សង្កេតឃើញថា ចាប់តាំងពីលោកវរសេនីយ៍ទោ ម៉ន វុធី ឡើងជាអធិការនគរបាលខណ្ឌពោធិ៍សែន ជំនួសលោក យឹម សារ៉ាន់ មក គឺ បទល្មើសបានកើតឡើងជាបន្តបន្ទាប់ ពិសេសបញ្ហាបទល្មើសចរាចរណ៍ ដែលថ្មីៗនេះ ប៉ូលិសខណ្ឌពោធិ៍សែនជ័យ បានផាកពិន័យបុរសម្នាក់ដែលជិះម៉ូតូបើកភ្លើងពេលថ្ងៃ ចំនួន២៥,០០០រៀល និង ទុកម៉ូតូគេ១យប់ ពិន័យថែម៣៥,០០០រៀលទៀត ដែលនាំអោយមហាជនរិះគន់យ៉ាងខ្លាំងក្លា ។

ទន្ទឹមនេះ មហាជនក៏បានសំណូមពរដល់លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ពិនិត្យសកម្មភាពការងាររបស់លោកវរសេនីយ៍ទោ ម៉ន វុធី ឡើងជាអធិការនគរបាលខណ្ឌពោធិ៍សែន ផង ៕ ចេស្ដា


ចែករំលែក៖