ភ្នំពេញ៖តាមបណ្តាញសង្គមហ្វេសប៊ុក វីដេអូមួយត្រូវបានបង្ហោះចែកចាយយ៉ាងទូលំទូលាយ ធ្វើអោយមហាជនមានការខឹងសម្បារយ៉ាងខ្លាំង ខណៈឃើញបុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីសាធារណការ បានចាប់ចងស្ត្រីម្នាក់មានផ្ទៃពោះ៤ខែ ជាប់នឹងទ្វារ ហើយស្រែកខ្លាំងៗ ថា “ចង់ប្តឹងទៅណាប្តឹងចុះ” ដែលជាសកម្មភាពមួយបង្ហាញពីភាពព្រហើនយ៉ាងខ្លាំង ។
សកម្មភាពល្មើសដ៏គឃ្លើន នេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ទោះបីយ៉ាងណា បណ្តឹងផ្លូវការក៏ត្រូវបាននារីរងគ្រោះប្តឹងចូលប៉ុស្តិ៍ចោមចៅ៣ រួចរាល់ហើយ ខណៈជនបង្ក ត្រូវបានអាជ្ញាធរ អះអាងថា បានរត់គេចខ្លួនបាត់ទៅហើយ ។
ក្រឡេកមើលសកម្មភាពល្មើស គឺ បានកើតឡើងនៅវេលារសៀលម៉ោង១ ប៉ុណ្ណោះ គប្បីសមត្ថកិច្ចអាចចុះអន្តរាគមន៍ឃាត់ខ្លួនជនដៃដល់បានភ្លាមៗ មិនគួរណាបណ្តែតបណ្តោយអោយជនដៃដល់ រត់គេចខ្លួនបែបនេះសោះ ដែលប្រជាពលរដ្ឋបានរិះគន់ពីសមត្ថភាពរបស់លោកវរសេនីយ៍ទោ ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ។
ទន្ទឹមនេះ ក្រោយមានការផ្ទុះរឿងកាន់តែខ្លាំងក្លាឡើង គេឃើញលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បង្ហោះសារមួយអោយត្រូវចិត្តប្រជាពលរដ្ឋ ដោយលោកនិយាយថា “ក្នុងនាមខ្ញុំបាទជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ នឹងជម្រុញអោយសមត្ថកិច្ចកិច្ចទាំងអស់តាមចាប់ជនបង្កហេតុម្នាក់នេះ ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់”។
មហាជនមួយចំនួន បានពោលថា “គោបាត់ទើបធ្វើរបង ជនដៃដល់រត់គេចខ្លួនបាត់ ទើបប្រកាសចាប់ខ្លួនយកបុងតាមក្រោយ”៕ដោយ៖ចេស្ដា