នៅលើនាវាផ្ទុកយន្តហោះ USS Theodore Roosevelt របស់អាមេរិក មាននាវិកដល់ទៅ១០៣នាក់ឆ្លងថ្មី ធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ-១៩សរុបកើនឡើងដល់ទៅ៥៥០នាក់ ។
សារព័ត៌មាន TGVN នៅថ្ងៃទី១២ ខែមេសា បានដកស្រង់ប្រភពព័ត៌មានពីកម្លាំងទាហានជើងទឹកអាមេរិក បានឲ្យដឹងថា មកទល់ពេលនេះនាវិកនៅលើនាវា ជាង ៩២ភាគរយបានធ្វើតេស្ត រកវីរុសកូវីដ ដោយរកឃើញមាននាវិក១០៣នាក់បន្ថែមទៀតឆ្លងវីរុសនេះ ធ្វើឲ្យចំនួនអ្នកឆ្លងកើនឡើងដល់ទៅ៥៥០នាក់ ។ ចំណែកនាវិក ៣៦៧៣នាក់ គឺមិនមានឆ្លងកូវីដ នោះឡើយ ហើយត្រូវបានដាក់ឲ្យដាច់ដោយឡែកដើម្បីរងចាំធ្វើតេស្តេជាថ្មី ។
កាលពីថ្ងៃទី១០ ខែមេសា នាវិកម្នាក់ត្រូវបានបញ្ជូនឡើងលើដីគោក ព្យាបាលក្រោយពេលស្ថានភាពជំងឺកាន់តែធ្ងន់ទៅៗ។
ការឆ្លងរាលដាល កូវីដ-១៩ នៅលើនាវាបានធ្វើឲ្យមេបញ្ជាការនៅលើនាវាផ្ទុកយន្តហោះ Brett Crozierត្រូវបានដកហូតដំណែង ចំណែក រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកកម្លាំងទាហានជើងទឹក លោក Thomas Modly សម្រេចលាលែងចេញពីតំណែង។
បច្ចុប្បន្នអាមេរិកមាននាវិកនៅលើនាវាផ្ទុកយន្តហោះ៤គ្រឿងហើយ បានឆ្លងកូវីដ-១៩ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពរបស់កម្លាំងទាហានអាមេរិកនៅលើពិភពលោក។ កន្លងមកថ្មីៗ នាវាផ្ទុកយន្តហោះរបស់បារាំងក៏រកឃើញឆ្លងកូវីដ-១៩ផងដែរ។
តាមប្រភពព័ត៌មាន worldometer ផ្សាយថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ វីរុស COVID-19 បានរាតត្បាតជុំវិញពិភពលោកកើនឡើង ១ ៧៨០ ៣៩១ ករណី ហើយនៅក្នុងនោះ បាត់បង់ជីវិត ១០៨ ៨៣៤ នាក់ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្នុងចំណោមអ្នកឆ្លងCOVID-19 ទាំង អស់មាន 404,115 នាក់បានជាសះស្បើយវិញផងដែរ ៕