ខេត្តពោធិ៍សាត់៖ បុរស ២នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗយ៉ាងអាហោចអាធម័ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍មហាសែនរន្ធត់មួយ រវាងអ្នកបើកបររថយន្ត និងអ្នកជិះម៉ូតូ ភ្លាមៗនោះរថយន្តបង្កព្យាយាមបើករត់គេចរហូតចម្ងាយប្រមាណជាង ១០គីឡូម៉ែត្រ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញតាមចាប់បាន ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងអ្នកជិះម៉ូតូបណ្ដាលឲ្យស្លាប់ខាងលើ បានកើតឡើងនៅវេលាម៉ោង ៨ និង០០នាទី យប់ថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ត្រង់ចំណុចក្បែរប៉ុស្តិ៍នគរបាលរដ្ឋស្វាយស ស្ថិតក្នុងភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពពីនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយស មុនកើតហេតុគេឃើញរថយន្ត ១គ្រឿងម៉ាក XINJI ពណ៏ខៀវ គ្មានស្លាកលេខ ធ្វើចរាចរណ៍ក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង លុះមកដល់កន្លែងកើតហេតុបានបុកអ្នកជិះម៉ូតូក្នុងទិសដៅបញ្រ្ចាសគ្នា បណ្ដាលឲ្យភាគីខាងម៉ូតូស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់ចំនួន ២នាក់ភ្លាមៗ ចំណែកភាគីអ្នកបើកបររថយន្តបង្កព្យាយាមបើករត់គេច ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញតាមចាប់បានរថយន្ត ឯជនអ្នកបើកបររថយន្តបង្ករត់គេចខ្លួនបាត់ ប៉ុន្តែត្រូវបានគេរកឃើញប័ណ្ណការងារនៅក្នុងការប៊ីនរថយន្ត មានឈ្មោះ សៅ ធឿន ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅខេត្តកំពង់ឆ្នាំង ។
ប្រភពពីនគរបាលប៉ុស្តិ៍ខាងលើបន្តថា ជនរងគ្រោះ(ស្លាប់)បើកបរម៉ូតូម៉ាក វ៉េវ ពណ៏ខ្មៅ គ្មានស្លាកលេខ.ឈ្មោះ ភី សុភ័ក្រ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ និងអ្នករួមដំណើរ(ស្លាប់)ឈ្មោះ សុឹង ចាន់សារ៉ុន អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា ។
ប្រភពពីនគរបាលដដែលបន្តទៀតថា សាកសពជនរងគ្រោះ(ស្លាប់)ទាំង ២នាក់ បានធ្វើកំណត់ហេតុប្រគល់ទទួលជូនក្រុមគ្រួសារ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ដោយឡែក៖ វត្ថុតាងម៉ូតូជនរងគ្រោះរក្សាទុកជាបណ្ដោះអាសន្ន នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយស ចំណែករថយន្តរក្សាទុកជាបណ្ដោះអាសន្ន នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលឈើតុំ រងចាំបន្តនីតិវិធី តាមច្បាប់៕ បុឹម ពិន