(ញូយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) បានធ្វើសន្និសីទសារព័ត៌មានមួយ តាមរយៈវីដេអូខុនហ្វឺរិន ជាមួយថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអាហ្វ្រិក នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) បានបញ្ជាក់ថា «មានតែវ៉ាក់សាំងប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពតែមួយប៉ុណ្ណោះ ដែលអាចនាំពិភពលោកត្រឡប់ទៅរកភាពប្រក្រតីវិញ សង្រ្គោះជីវិតមនុស្សរាប់លាននាក់ និងសន្សំសំចៃប្រាក់រាប់ទ្រីលានដុល្លារ»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០។
លោក Antonio Guterres បាននិយាយទៀតថា មានតែវ៉ាក់សាំងប្រឆាំង COVID-19 មួយគត់ ដែលអាចធ្វើឱ្យស្ថានភាពវិលទៅរក «ភាពប្រក្រតី» វិញបាន។
លោក Antonion Guterres បានសង្កត់ធ្ងន់ថា «ពិភពលោកត្រូវតែពន្លឿនការអភិវឌ្ឍវ៉ាក់សាំង និងគិតគូរពីផលប្រយោជន៍រួមជាសកល ដើម្បីកម្ចាត់ជំងឺរាតត្បាតសកល COVID-19»។
គួរជម្រាបថា លោក Antonio Guterres កាលពីថ្ងៃទី២៥ មីនាកន្លងទៅ ធ្លាប់បានអំពាវនាវឲ្យផ្តល់ជំនួយជាថវិកា ២ពាន់លានដុល្លារ សម្រាប់កិច្ចការមនុស្សធម៌ប្រយុទ្ធប្រឆាំងនឹង COVID-19 ។ តែបើតាមលោកប្រមុខ UN មកទល់នឹងពេលនេះ អង្គការនេះអាចប្រមូលបានតែ ២០ភាគរយប៉ុណ្ណោះ នៃថវិកាដែលបានស្នើសុំ៕ ស តារា