ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌកំបូល បានទទួលឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីជនរងគ្រោះស្វែងរកចាប់ខ្លួនបានយកមកប្រគល់ឲ្យសមត្ថកិច្ច ខណៈដែលជនសង្ស័យម្នាក់ ត្រូវជាមិត្តភក្ដិបានខ្ចីម៉ូតូរបស់ជនរងគ្រោះមិនបាន ក៏ធ្វើសកម្មភាពលួចបានសម្រេច ហើយព្យាយាមរត់គេចខ្លួនបាត់មួយសប្ដាហ៍ បំរុងយកទៅលក់ តែត្រូវជនរងគ្រោះតាមរកឃើញ ក៏នាំគ្នាត្រួតវាយបណ្តាលឲ្យរងរបួសបែកមុខបែកមាត់ ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ នៅចំណុចខាងមុខបុរីមួយកន្លែង តាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល ។ មន្រ្តីនគរបាលខណ្ឌកំបូល បានឲ្យដឹងថា ជនសង្ស័យជាអ្នកធ្វើសកម្មភាពលួចម៉ូតូឈ្មោះស្រេង សុខម៉េង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតនៅភូមិព្រែកថ្មី ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យម្នាក់ទៀតជាបក្ខពួកឈ្មោះសេង គីមស្រៀង ភេទ អាយុ២០ឆ្នាំ មុខរបរលក់ខោអាវតាមអនឡាញ ស្នាក់នៅទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតនៅ ភូមិ សំរោង ឃុំមុខដា ស្រុករមាសហែក ខេត្ត ស្វាយរៀង ។ រីឯម៉ូតូមួយគ្រឿងដែលជនសង្ស័យលួចនោះ ម៉ាកហុងដាបីត ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ ១GQ-៥៤៤៨ ។ មន្រ្តីដដែលបន្តថា មុនពេលកើតហេតុ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ជនរងគ្រោះបានទុកម៉ូតូរបស់ខ្លួនមួយគ្រឿងម៉ាកហុងដាបីត នៅខាងមុខបន្ទប់ជួល ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ហើយជនសង្ស័យឈ្មោះស្រេង សុខម៉េង ត្រូវជាមិត្តភក្ដិស្គាល់គ្នា ប៉ុន្តែមិនស្និទ្ធស្នាលនោះទេ គ្រាន់តែស្នាក់នៅបន្ទប់ជួលទល់មុខគ្នា បានស្រែកខ្ចីម៉ូតូពីជនរងគ្រោះថាយកទៅបញ្ចាំទូរស័ព្ទ តែជនរងគ្រោះនៅក្នុងបន្ទប់បានស្រែកតបវិញថា អត់ឲ្យទេ ។ ស្រាប់តែពេលនោះជនសង្ស័យឃើញកូនសោម៉ូតូនៅក្នុងកន្ត្រកម៉ូតូក៏បានលួចយកម៉ូតូជិះគេចខ្លួនបាត់ស្រមោល ។ បន្ទាប់មកជនសង្ស័យ លួចម៉ូតូបានសម្រេចហើយ ក៏យកម៉ូតូនោះជិះទៅឯស្រុកកំណើតរបស់ខ្លួន ហើយអួតប្រាប់គេឯងនៅក្នុងភូមិថា ម៉ូតូមួយគ្រឿងខាងលើនោះខ្លួនទើបនឹងទិញថ្មី លុះពេលជនរងគ្រោះបាននាំគ្នាទៅរកមើលនៅឯស្រុកកំណើតរបស់ជនសង្ស័យ បែរជាគេជិះម៉ូតូគេចខ្លួនបាត់ទៀត ។ ក្រោយមកជនសង្ស័យ បានយកម៉ូតូទៅលក់នៅម្តុំឃ្លាំងរំសេវ តែម្ចាស់ហាងមិនព្រមទិញ ទើបជនសង្ស័យបានទៅឌុបមិត្តភក្ដិម្នាក់ឈ្មោះសេង គីមស្រៀង ភេទ អាយុ២០ឆ្នាំ ដែលជាបក្ខពួកថាទៅជួបសង្សារនៅម្តុំផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល ស្រាប់តែជនរងគ្រោះប្រទះឃើញ ក៏ស្រែកឆោឡោផ្អើលអ្នកជិតខាងនាំគ្នាជួយឃាត់ខ្លួន រួចវាយម្នាក់មួយដៃមួយជើង បណ្តាលឲ្យជនសង្ស័យម្នាក់ឈ្មោះស្រេង សុខម៉េង របួសប៉ោងមុខ និងជនសង្ស័យដែលជាអ្នករួមដំណើរម្នាក់ទៀត រងរបួសបែកមុខ ទើបសមត្ថកិច្ចនគរបាលនាំជនសង្ស័យនិងជនរងគ្រោះមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោកភ្លាមៗតែម្តង ។ ក្រោយកើតហេតុសមត្ថកិច្ចសួរនាំដឹងថា ករណីនេះកើតហេតុក្នុងមូលដ្ឋានសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ទើបសមត្ថកិច្ចនគរបាលប៉ុស្តិ៍កន្ទោក បានប្រគល់ជនសង្ស័យព្រមទាំងម៉ូតូឲ្យទៅនគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការតាមនីតិវិធី៕សុខា សែនជ័យ