ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីប្រេស៊ីល ក្អកពេលចូលរួមបាតុកម្មប្រឆាំងច្បាប់គម្លាតសង្គម សង្ស័យឆ្លងកូវីដ១៩

ចែករំលែក៖

ប្រេសុីល៖ ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ដែលបានចូលរួមធ្វើបាតុកម្មជាមួយពលរដ្ឋដែលប្រឆាំងនិងច្បាប់ គម្លាតសង្គម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩។លោក Jair Bolsonaro បានប្រឆាំងទៅនឹងច្បាប់ គម្លាតសង្គម ឲ្យពលរដ្ឋនៅតែក្នុងផ្ទះ ប៉ះពាល់ដល់សេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ពលរដ្ឋ។
ប្រធានាធិបតី Jair Bolsonaro បានដើរផ្ទុយទៅនឹងនយោបាយរបស់បណ្តារដ្ឋក្នុងប្រទេសប្រេស៊ីល មិនតែប៉ុណ្ណោះលោកក៏បានចូលរួមជាមួយបាតុករប្រឆាំងច្បាប់បម្រាមគោចរនៅក្នុងរដ្ឋ Brasilia កាលពីថ្ងៃទី១៩ខែមេសាទៀតផង ដែលបណ្តាអភិបាលរដ្ឋបានអនុម័តនៅក្នុងរដ្ឋរបស់ខ្លួន។ ប្រធានាធិបតីបញ្ជាក់ថា លោកនឹងធានាដល់ប្រជាធិបតេយ្យនិងសេរីភាពរបស់ពលរដ្ឋ។ ការដាក់រដ្ឋក្នុងគ្រាអាសន្ន គឺបានគំរាមកំហែងដល់សិទ្ធិសេរីភាពរបស់ពលរដ្ឋ។
សារព័ត៌មាន AFP នៅថ្ងៃទី២០ខែមេសា បានផ្សាយថា នៅពេលដែលប្រធានាធិបតី ប្រេសុីលបាននិយាយទៅកាន់ពលរដ្ឋ និងកម្លាំងទាហាន ដែលត្រូវកោះហៅឲ្យចូលរួមទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ លោកមានអការៈក្អកជាច្រើនលើក ធ្វើឲ្យគេសង្ស័យថា លោកអាចឆ្លងកូវីដ១៩ផងដែរ។

សារព័ត៌មានរ៉យទ័រ បានផ្សាយថា បាតុកម្មបានធ្វើឡើង ក្នុងរដ្ឋជាច្រើន ដូចជា Sao Paulo ,Rio De Janeiro និង Brasili បានសម្រេចពន្យាពេល ដាក់រដ្ឋក្នុងគ្រាមានអាសន្ន និងបន្តអនុវត្តច្បាប់គម្លាតសង្គមដើម្បីទប់ស្កាត់ឆ្លងកូវីដ-១៩។
ក្នុងចំណោមប្រទេសតំបន់អាមេរិកឡាទីន ប្រេស៊ីល រងគ្រោះខ្លាំងជាងគេ ដោយសារតែកូវីដ-១៩ ។

គិតដល់ថ្ងៃទី២០ខែមេសា ប្រេស៊ីលមានអ្នកឆ្លងកូវីដ១៩ សរុបជាង៣៨ពាន់នាក់ និង ស្លាប់ជិត២៦០០នាក់៕ធី រីណា


ចែករំលែក៖