ភ្នំពេញ៖ សូមស្វែងយល់អំពីពាក្យ«ចត្តាឡីស័ក» អោយបាន ជ្រាប ជាចំណេះដឹងទូទៅ ដែលយើងគួរ ត្រូវការន័យពិតប្រាកដ ដូចការបកស្រាយខាងក្រោម៖
១- ចត្តាឡី មានន័យថា ៤០ ( សែសិប )។
២- ស័ក មានន័យថា រយៈពេល។
បើជាភាសាអង់គ្លេស គេប្រើពាក្យថា Quarantine ( ‘ខ្វរែនធីន ) ( tv ) ៖ ដាក់ឱ្យនៅដាច់ពីគេ ។ (n.) : ការដាក់ឱ្យនៅដាច់ពីគេ។ ក្រោយមកទៀតយោងតាមហេតុពាក្យ Quarantine ត្រូវបានប្រែប្រួលជាខេមរៈភាសាថា ចត្តាឡីស័ក។
ចុះហេតុអ្វីបានជាខ្មែរប្រែសម្រួលថា រយៈពេល៤០ ហើយភាសាអង់គ្លេសប្រើពាក្យដែលប្រែន័យដើមថា ការដាក់ឲ្យនៅដាច់ពីគេ?
នោះក៏ព្រោះតែពាក្យ Quarantine ( ចត្តាឡីស័ក ) ត្រូវគេប្រើប្រាស់ដំបូងនៅប្រទេសអ៊ីតាលី នៅទីក្រុងវែនីស ( Venice ) ដែលសំយោគចេញពីពាក្យអ៊ីតាលីថា Quarantino ដែលប្រែថា ៤០ ( សែសិប )។
ពាក្យនេះត្រូវបានគេប្រើនៅសម័យកាលដែលផ្ទុះជំងឺឆ្លងអាសន្នរោគខ្មៅ ដែលអង់គ្លេសហៅថា Black Plaque ដែលបានកើតឡើងនៅតំបន់អ៊ឺរ៉ុបនៅអំឡុងសតវត្សទី១៤។
គ្រានោះ រដ្ឋបាលក្រុងវីនីស ( Venice ) បានកំណត់ឱ្យរាល់មនុស្ស ដែលជានាវឹក កម្មករ និងអ្នកដំណើរទាំងអស់ដែលកំពុងតែនៅលើកប៉ាល់ ដែលចូលចតនៅកំពង់ផែរបស់ទីក្រុងនេះ ត្រូវតែស្ថិតនៅលើកប៉ាល់របស់ខ្លួន ហាមឃាត់ការឡើងគោករយៈពេល ៤០ថ្ងៃ ដោយមានន័យថា ដាក់អ្នកសង្ស័យ ឬអ្នកមានផ្ទុកមេរោគឆ្លងឱ្យនៅដោយឡែកចំនួន ៤០ថ្ងៃសិន។
ចាប់តាំងពីពេលនោះមក ពាក្យ ចត្តាឡីស័ក ត្រូវបានវិស័យសុខាភិបាលទូទាំងពិភពលោកយកមកប្រើប្រាស់ និងប្រើពាក្យជាអង់គ្លេសថា “Quarantine”។
បើទោះជា ចត្តាឡីស័ក មានន័យថា «យកអ្នកសង្ស័យថាមានជំងឺឆ្លង និងផ្ទុកមេរោគឆ្លងរីករាលដាលទុកដោយឡែក រយៈពេល៤០ថ្ងៃ» ក៏ដោយ ក៏បច្ចុប្បន្នវិធានការនៃការទប់ស្កាត់ជម្ងឺឆ្លង ត្រូវបានដាក់ចេញជារយៈពេលខុសៗគ្នា ទៅតាមប្រភេទជម្ងឺឆ្លងនោះ ដែលអ្នកទទួលខុសត្រូវចាំបាច់ត្រូវតែជាអ្នកជំនាញបច្ចេកទេសសុខាភិបាល។
ជាក់ស្តែងដូចជាបច្ចុប្បន្ននេះ មានការផ្ទុះវីរុស Covid-19 ប្រទេសខ្លះដាក់អ្នកសង្ស័យមានមេរោគនេះដោយឡែកពីគេរយៈពេល ១៤ថ្ងៃ ខ្លះ ២៤ថ្ងៃ និងខ្លះទៀតដល់ទៅ ២៧ថ្ងៃ ជាដើម។ល។ ដើម្បីតាមដាន ឬព្យាបាលកុំឱ្យឆ្លងទៅអ្នកដទៃ។
គេតែងតែសង្កេតឃើញបន្ទប់ផ្នែក ចត្តាឡីស័ក ត្រូវបានគេដាក់នៅតាមប៉ុស្តិ៍ច្រកឆ្លងកាត់ព្រំដែន ពីប្រទេសមួយទៅប្រទេសមួយ ស្ទើរគ្រប់ប្រទេសនៅក្នុងពិភពលោក៕សិលា