ព័ត៌មានទាន់ហេតុការណ៍៖

គ្រួសារទុគ៌តជនទាំង ៦៨ គ្រួសារ ភូមិបន្លាស្អិត ឃុំច្រេស ស្រុកចន្ទ្រា ទទួលអំណោយពីសប្បុរសជន

ចែករំលែក៖

ខេត្តស្វាយរៀង៖លោក ថនថាវុទ្ធា អភិបាលស្រុកចន្ទ្រា បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ រស់នៅវត្តកោះដូនសយ លោកតា លោកយាយ គ្រួសារទុគ៌តជន  ៦៨ គ្រួសារ និងចែកអំណោយរបស់សប្បុរសជន។

ការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចែកអំណោយរបស់សប្បុរសជនធ្វើឡើងនាថ្ងៃទី១១ខែមីនាឆ្នាំ២០២៦ ស្ថិតនៅភូមិបន្លាស្អិត ឃុំច្រេស ស្រុកចន្រ្ទា ដោយមានការចូលរួមពី

លោក លោកស្រីក្រុមការងារស្រុក ឃុំ  លោក គឹម ឡេង និង លោកស្រី ណុប សុគន្ធា ព្រមទាំងសប្បុរសជននានាជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ លោក ថនថាវុទ្ធា អភិបាលស្រុកចន្ទ្រា បានថ្លែងអំណរគុណដល់លោក គឹម ឡេង និង លោកស្រី ណុប សុគន្ធា ព្រមទាំងសប្បុរសជនដែលបានចំណាយថវិកាព្រមទាំងសម្ភារៈគ្រឿងឧបភោគបរិភោគ ចែកជូនដល់ លោកតាលោកយាយបងប្អូន គ្រួសារទុគ៌តជនទាំង ៦៨ គ្រួសារនាពេលនេះ។

លោក អភិបាលស្រុក ក៏ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ទាំង៦៨គ្រួសារ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន ពេលមានភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ និង ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឲ្យលេងទឹកដែលអាចបង្កឲ្យមាន គ្រោះថ្នាក់ដោយករណីលង់ទឹក ត្រូវថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ សម្អាតបរិស្ថានជុំវិញផ្ទះ ឱ្យបានស្អាតជាប្រចាំ ដើម្បីបង្ការដង្កាត់ជំងឺផ្សេងដែលបង្ករមកពីការកង្វះអនាម័យ ។

បន្ទាប់មក លោកអភិបាលស្រុក ក៏សូមជូនពរ លោកគឹមឡេង និងលោកស្រី ណុប សុគន្ធា

សប្បុរសជនទាំងអស់ មានសុខភាពល្អ អាយុយឺនយូរ កម្លាំងពលំមាំមួន និងជោគជ័យក្នុងការប្រកបអាជីវកម្ម ផងដែរ៕


ចែករំលែក៖