ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តស្វាយរៀង រកឃើញស្ថានីយ៍ និងដេប៉ូប្រេងឥន្ធនៈចំនួន៦៩ទីតាំងបិទបណ្តោះអាសន្ន មូលហេតុអស់ប្រេងក្នុងស្តុក ក្នុងចំណោមស្ថានីយ៍ប្រេង២៥៦ទីតាំង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ដោយមានការណែនាំពីលោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានដាក់បញ្ជាឲ្យចុះតាមដាននិងពិនិត្យមើលស្ថានីយ៍លក់ប្រេងឥន្ធនៈទាំងអស់នៅខេត្តស្វាយរៀង ,ក្រុមការងារអន្តរមន្ទីរ ដោយមានសមាសភាព មន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង, មន្ទីររ៉ែ និងថាមពលខេត្ត និងសាខា ក.ប.ប.ខេត្ត មន្ត្រីសាលាខេត្ត បានចុះត្រួតពិនិត្យស្ថានភាពស្តុក និងតម្លៃប្រេងឥន្ធនៈ នៅតាមបណ្តាស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈ ដែលមានទីតាំងក្នុងភូមិសាស្រ្តខេត្តស្វាយរៀងរយៈពេល៤ថ្ងៃមកនេះ ចេញជាលទ្ធផល ដោយរកឃើញស្ថានីយ៍ និងដេប៉ូប្រេងឥន្ធនៈចំនួន៦៩ទីតាំង បានបិទបណ្តោះអាសន្ន មូលហេតុអស់ប្រេងក្នុងស្តុក ក្នុងចំណោមស្ថានីយ៍ប្រេង២៥៦ទីតាំងទូទាំងខេត្ត ។

លោក ប៉ាត់ សាក់ ប្រធានស្ដីទី នៃមន្ទីររ៉ែនិងថាមពលខេត្តស្វាយរៀងបានឲ្យដឹងថា បច្ចុប្បន្នភាព ស្ថានីយប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈក្នុងខេត្តស្វាយរៀងគិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦មានស្ថានីយប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ សរុប មានចំនួន ២៥៦ស្ថានីយក្នុងនោះមាន ស្ថានីយប្រេងឥន្ធនៈចំនួន២០២ស្ថានីយ,ស្ថានីយឧស្ម័នឥន្ធនៈមានចំនួន ៩ស្ថានីយ,ស្ថានីយរួមប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈមានចំនួន ៤៥ស្ថានីយ។

លោកប្រធានមន្ទីរស្ដីទីបានបញ្ជាក់ថា ស្ថានភាពបច្ចុប្បន្ន មានស្ថានីយប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ កំពុងដំណើរការចំនួន ១៨៧ស្ថានីយ ស្ថានីយប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ អស់ស្តុកផ្អាកដំណើរការមានចំនួន ៣៨ស្ថានីយ ស្ថានីយប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ផ្អាកបណ្តោះអាសន្នដោយខ្លួនឯង មានចំនួន២១ស្ថានីយ ស្ថានីយប្រេងឥន្ធនៈចំនួន១០ស្ថានីយបានបិទ។ ស្ថានីយប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈធ្លាប់បានដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសសុវត្ថិភាពស្ថានីយពីក្រសួងមានចំនួន ១៩៨ស្ថានីយ៕

ដោយ៖ សុថាន


ចែករំលែក៖