ព័ត៌មានទាន់ហេតុការណ៍៖

ចូលចាក់សាំង ហើយអោយបក្ខពួកចូលលួចលុយអស់៣ម៉ឺនដុល្លារ ពីផ្ទះវេលុយ Wing

ចែករំលែក៖

ខេត្តកំពង់ចាម៖ ផ្ទះវេរលុយមួយកន្លែង ត្រូវជនសង្ស័យ មួយក្រុមប្រើល្បិចចូលលួចប្រាក់អស់ចំនួន៣មុឺនដុល្លារ ហើយគេចខ្លួនបាត់ ។  ប៉ូលិសបានអោយដឹងថា៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៩ និង៣០នាទី សមកិច្ចនគរបាលបានទទួលបណ្តឹងពី ឈ្មោះ ស្រ៊ុនវ៉ានថាន ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ និងប្រពន្ធ ឈ្មោះ នីម តូនីតា អាយុ ២៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាមថា នៅវេលាម៉ោង៩ និង១០នាទី ខ្លួនកំពុងតែនៅលក់ដូរ និងមានវេលុយ(វីង) នៅផ្ទះរបស់ខ្លួន ស្រាប់តែមានមនុស្សស្រីម្នាក់បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥មិនចាំសេរី ពណ៌ខ្មៅ មិនចាំស្លាកលេខ ស្លៀកខោអាវឈុត ពណ៌ក្រហម ផ្កាពណ៌ស បានមកឈប់ចាក់សាំងខ្លួនចំនួន៤លីត្រ ដោយអោយខ្លួនយកសាំងមកចាក់ម្តង២លីត្រ។  នៅពេលនោះក៏មានបក្ខពួកម្នាក់ទៀត ស្លៀកខោកាប៊យជើងវែង ពាក់អាវយឺតដៃវែងពណ៌ខ្មៅ ពាក់មួកពណ៌ប៉ារ៉េពណ៌ខ្មៅ ពាក់ម៉ាស់ បានធ្វើសកម្មភាពដើរចូលមកក្នុងរោងវេលុយ(វីង)របស់ម្ចាស់ផ្ទះ ហើយបានយក លុយរបស់ខ្លួននៅក្នុង ផតតុ សំរាប់ទុកវេអោយភ្ញៀវអស់ចំនួន ៣០.០០០$ (បីម៉ឺនដុល្លាអាមេរិក) ក្នុង ខណៈខ្លួនកំពុងតែនៅចាក់សាំងអោយបក្ខពួករបស់វានៅមុខផ្ទះ ។​ ប៉ូលិសបានបន្តថា៖ បន្ទាប់ពីទទួលបានព័ត៌មាន និងបណ្តឹងភ្លាម កម្លាំងសមត្ថកិច្ចនគរបាលស្រុកកំពង់សៀម រួមជាមួយកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រអាង ចាត់វិធានជាបន្ទាន់ចុះដល់កន្លែងកើតហេតុ           ធ្វើការស្រាវជ្រាវ និងរៀបចំកសាង ឯកសារសំណុំរឿងតាមនិតិវិធី ដើម្បីស្រាវរកមុខសញ្ញា៕ដោយ៖ ហេង សូរិយា


ចែករំលែក៖