ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋរស់នៅសង្កាត់ទួលស្វាយព្រៃទី១ នាំគ្នារិះគន់ការដ្ឋានរបស់ក្រុមហ៊ុនជីប ម៉ុង ប្រើប្រាស់អេស្កាវ៉ាទ័រកាយប៉ះខ្សែ តង់ស្យុង(MV)ក្រោមដី ដាច់ភ្លើងរាល់ម៉ោង

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីការដ្ឋានរបស់ក្រុមហ៊ុនជីប ម៉ុង បានប្រើប្រាស់អេស្កាវ៉ាទ័រ កាយប៉ះចំខ្សែតង់ស្យុងមធ្យម(MV)ក្រោមដី បណ្ដាលឲ្យដាច់ភ្លើងរាល់ម៉ោង ធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង នាំគ្នារិះគន់ថាគ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវតាមស្តង់ដា ។
យោងតាមប្រភពព័ត៍មានពីបណ្ដាញសង្គមហ្វេសប៊ុករបស់អគ្គិសនីកម្ពុជា ប្រកាសនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ថា ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅបន្ទប់ភ្លើងលេខ១៤៤៣ ,បន្ទប់ភ្លើងលេខ០៥២ និងបន្ទប់ភ្លើងលេខ១៩៦ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ក្រោយពី ក្រុមហ៊ុន ជីប ម៉ុង ប្រើប្រាស់អេស្កាវ៉ាទ័រ កាយដី ប៉ះខ្សែ តង់ស្យុងមធ្យម(MV) ក្រោមដី ដាច់ភ្លើងរហូតដល់ ម៉ោង៥ល្ងាច ទើបភ្លឺវិញ។
ផេកហ្វេសប៊ុកជាផ្លូវការរបស់អគ្គិសនីកម្ពុជា បានបញ្ជាក់ថា នៅវេលាម៉ោង ១ និង១៥នាទីរសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខ១៤៤៣ បន្ទប់ភ្លើងលេខ០៥២ និងបន្ទប់ភ្លើងលេខ១៩៦ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ក្រោមដី ដែលការដ្ឋានរបស់ក្រុមហ៊ុនជីប ម៉ុង ប្រើប្រាស់អេស្កាវ៉ាទ័រកាយប៉ះ ដែលមានទីតាំងស្ថិតនៅ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ៥និង០០នាទីល្ងាច ។
អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ ៕ដោយ៖ស តារា

ចែករំលែក៖