ព័ត៌មានទាន់ហេតុការណ៍៖

ឥស្សរិយជនចំនួន ២រូបកម្ពុជា ទទួលបានគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២០ ពីរដ្ឋាភិបាលជប៉ុន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ គណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលជប៉ុន បានប្រកាសឥស្សរិយជនដែលបានទទួលគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ ២០២០ ជាការទទួលស្គាល់គុណសម្បត្តិរបស់ពួកគាត់ក្នុងការបម្រើផលប្រយោជន៍សាធារណៈ ឬ ប្រទេសជាតិ និងសមិទ្ធផលដ៏លេចធ្លោរបស់ពួកគាត់នៅក្នុងវិស័យផ្សេងៗនៅក្នុងសង្គម។ ក្នុងនោះមានឥស្សរិយជនមានពីររូបដែលបានទទួលគ្រឿងឥស្សរិយយស សម្រាប់ការចូលរួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសជប៉ុន និង ព្រះរាជាណាចក្រកម្ពុជា។ គឺឥស្សរិយជន៖ ទី១-លោក ឯក សុនចាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី
ទី២-លោក លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុទទួលបាន «ការផ្ដល់គ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២០»។
សូមបញ្ជាក់ថា៖ លោក ឯក សុនចាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នឹងទទួលគ្រឿងឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon” ជាការទទួលស្គាល់ការចូលរួមចំណែករបស់លោក ក្នុងការក្នុងការលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសជប៉ុន និង ព្រះរាជាណាចក្រកម្ពុជា ក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុង។
ដោយឡែក លោក លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងទទួលគ្រឿងឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon” ជាការទទួលស្គាល់ការចូលរួមចំណែករបស់លោក ក្នុងការលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសជប៉ុន និង ព្រះរាជាណាចក្រកម្ពុជាក្នុងវិស័យអភិវឌ្ឍន៍កំពង់ផែ។
ពិធីប្រគល់គ្រឿងឥស្សរិយយសនឹងត្រូវរៀបចំឡើងក្នុងពេលវេលាសមស្របខាងមុខ៕ដោយ៖ សុខ ខេមរា


ចែករំលែក៖