ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល មិនមានវិធានការដើម្បីស្នើទៅក្រសួងអប់រំឱ្យបើកសាលាឡើងវិញទេ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង អះអាងថា ៖ ក្រសួងសុខាភិបាល មិនមានវិធានការដើម្បីស្នើទៅក្រសួងអប់រំឱ្យបើកសាលាឡើងវិញទេ ទោះបីជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីក៏ដោយចុះ មានតែវិធានរឹតបន្តឹងបង្ការ ការពារ ទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។
លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រសួងសុខាភិបាល មិនទាន់មានវិធានការ ដើម្បីស្នើទៅក្រសួងអប់រំឱ្យបើកសាលាឡើងវិញទេ ទោះបីជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី នៅកម្ពុជាក៏ដោយ ហើយការអនុញ្ញាតឱ្យសាលាបើកឡើងវិញ គឺជាសមត្ថកិច្ចរបស់ក្រសួងអប់រំ យុវជន និងកីឡា»។ ទោះបីជាស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា មានភាពធូរស្បើយ ប៉ុន្តែក្រសួង មិនបានបន្ធូរវិធានការណាមួយឡើយ ហើយក្រសួងនៅតែអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការបង្ការ និងការពារខ្លួន កុំឱ្យមានឆ្លងជំងឺកូវីដ១៩។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើឡើងបន្ទាប់ពីមានការចែកចាយនៅតាមបណ្តាញសង្គមថា ក្រសួងពាក់ព័ន្ធ នឹងអនុញ្ញាតឱ្យសាលាទាំងអស់ បើកដំណើរការបង្រៀនឡើងវិញ ដោយសារតែស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានធូរស្បើយច្រើន។ ព័ត៌មាននេះ បានធ្វើឱ្យមានការភាន់ច្រឡំដល់ មាតាបិតា និងសិស្ស និស្សិតនានា នៅក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជាយើង ពុំរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីឡើយ និងគ្មានអ្នកជាសះស្បើយដែរ បានន័យថា អ្នកជាសះស្បើយចំនួន១១៩នាក់ដដែល ហើយអ្នកកំពុងបន្តព្យាបាលមានចំនួន៣នាក់ ។
ដោយឡែកសម្តេចតេជោ ហ៊ុន សែន តែងមានប្រសាសន៍រម្លឹកថា៖ យេីងត្រូវតែប្រុងប្រយ័ត្នជាមួយនឹងជំងឺឆ្លងកូវីដ-១៩គ្រប់ពេលជានិច្ច។

សម្តេច សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន និងកូនក្មួយកម្មករ កម្មការនី ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចជាមួយនឹងជំងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវនេះ បើ់ទោះបីកម្ពុជាយើងបានទទួលជំនួយវិជ្ជសាស្រ្តជាច្រើនពីប្រទេសចិនយ៉ាងណាក្តី ហើយម៉្យាងវិញទៀត បើទោះបីមកទល់ថ្ងៃទី២៩ មេសា នេះ មិនមានអ្នកកើតរោគកូវីដ-១៩ថ្មីទៀត ហើយចំនួនអ្នកព្យាបាលបានជាសះស្បើយបានកេីនឡេីងដល់​១១៩នាក់ នៅសល់តែ៣នាក់ទៀតក្តី គឺបងប្អូនមិនត្រូវមើលស្រាលចំពោះជំងឺកូវីដ-១៩នេះដាច់ខាត។ ការមើលស្រាលនឹងមិនយកចិត្តទុកដាក់អំពីជំងឺនេះ គឺអាចប្រឈមនឹងការឆ្លងរោគដ៏គ្រោះថ្នាក់ខ្លាំងបំផុត៕ដោយ៖សិលា


ចែករំលែក៖