ភ្នំពេញ ៖ ក្រសួងបរិស្ថានប្រគល់ម៉ូតូ ៦គ្រឿង របស់គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដល់មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួង និងមន្ទីរបរិស្ថានខេត្ត មន្រ្តីឧទ្យានុរក្ស នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ។
ក្នុងឱកាសនោះ លោក សៅ សុភាព មានប្រសាសន៍ថា ខេត្តកំពង់ស្ពឺមានសក្តានុពលធនធានធម្មជាតិដ៏សម្បូរបែប ដូច្នេះធ្វើយ៉ាងណារួមសហការគ្នាក្នុងការជំរុញឱ្យមាននិរន្តរភាពបរិស្ថានបានល្អប្រសើរ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ។ លោករដ្ឋលេខាធិការ បានក្រើនរំលឹកអោយមន្រ្តីបរិស្ថានខេត្ត ខិតខំប្រឹងប្រែងក្នុងកិច្ចការពារ អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ នូវតំបន់ការពារធម្មជាតិ រក្សាបាននូវនិរន្តរភាពយូរអង្វែង ជាមួយនឹងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន និងតាមសហគមន៍ ។
លោកបញ្ជាក់ថា កាប្រគល់ម៉ូតូ ស៊ុយស៊ូគី ស្មាសវី ៦គ្រឿង របស់គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដល់មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ គឺសម្រាប់ប្រើប្រាស់ ជាមធ្យោបាយក្នុងការបំពេញការងារក្នុងក្របខណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា។
ជាមួយគ្នានេះ លោក សៅ សុភាព លើកទឹកចិត្តមន្រ្តីទាំងអស់ ពង្រឹងសមត្ថភាពទៅលើការរៀបចំផែនការ និងការគ្រប់គ្រងតំបន់ទេសភាពក្នុងតំបន់ការពារធម្មជាតិ (ប្រព័ន្ធនៃការផ្តល់ព័ត៌មាន និងការគាំទ្រទៅលើការសម្រេចចិត្ត និងការរៀបចំផែនការ ការគ្រប់គ្រងនិងការពង្រឹង ទៅលើតំបន់ទេសភាពក្នុងតំបន់ការពារ )។ ពិសេសពង្រឹងឱកាសសម្រាប់វិស័យទេសចរណ៍ ទេសចរណ៍ និងតម្លៃខ្សែសង្វាក់អនុផលព្រៃឈើ (ពង្រឹងឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ទេសចរណ៍ធម្មជាតិ)
ការធ្វើអោយប្រសើរឡើងទៅលើបរិស្ថានសម្រាប់ទេសចរណ៍ ទេសចរណ៍ធម្មជាតិ ហេដ្ឋារចនាសម្ព័នទេសចរណ៍ ការលើកកម្ពស់សង្វាក់អនុផលព្រៃឈើ និង ការវិនិយោគទៅលើការលើកកម្ពស់សង្វាក់អនុផលព្រៃឈើ ។
សូមបញ្ជាក់ថា គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា»បង្កើតឡើង ក្នុងគោបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ លើកកម្ពស់ទេសចរណ៍ធម្មជាតិ
និងបង្កើនសង្វាក់តម្លៃអនុផលព្រៃឈើ នៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប ៕ដោយ៖សុខ ខេមរា