ក្រុងញូវដេលី៖សារព័ត៌មានរ៉យទ័រនៅថ្ងៃទី៤ខែឧសភា បានផ្សាយថា ពលរដ្ឋប្រមាណ៥០០នាក់បានតម្រង់ជួរគ្នា រង់ចាំទិញស្រានៅហាងលក់ស្រាមួយកន្លែងនៅភាគខាងកើតទីក្រុងញូវដេលីប្រទេសឥណ្ឌា ពេលរដ្ឋាភិបាលរដ្ឋធានីលុបច្បាប់បម្រាមគោចរ ។
នៅរដ្ឋធានីញូវដេលី បានចាប់ផ្តើម លុបច្បាប់រិឹតត្បិត នៅតំបន់មួយចំនួនដែលមិនមានអ្នកឆ្លងកូវីដ-១៩ ក្រោយរយៈពេល ៤០ថ្ងៃបិទទ្វារហាមពលរដ្ឋធ្វើដំណើរដើម្បី ទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។
នៅវេលាម៉ោង៩និង៣០នាទី ថ្ងៃទី ៤ខែឧសភា មានបុរសៗប្រមាណ៥០០នាក់ បាននាំគ្នាទៅទិញស្រា នៅហាង Kalyan Puri ភាគខាងកើតទីក្រុងញូវដេលី។
ដោយសារតែមានមនុស្សច្រើន ទៅទិញស្រា រដ្ឋាភិបាលទីក្រុងញូវដេលីបានបញ្ជូនកម្លាំងសន្តិសុខ ទៅទប់ស្កាត់ និងបំបែកក្រុមមនុស្សដែលទៅទិញស្រាយ៉ាងច្រើនកុះករនោះ។
សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីមន្ត្រីទីក្រុងញូវដេលី ដែលបានបញ្ជាក់ថា រដ្ឋាភិបាលមានបំណងចង់ឲ្យហាងលក់ទំនិញផ្សេងៗ បើកទ្វារ រកស៊ី។ ប៉ុន្តែចំពោះស្ថានភាពប្រមូលផ្តុំគ្នាច្រើនបែបនេះបង្ខំឲ្យប៉ូលិសត្រូវតែចូលរួម ទប់ស្កាត់ បញ្ចៀសការឆ្លងកូវីដ-១៩។
លោក Arvind Kejriwal អភិបាលទីក្រុងញូវដេលីបានប្រកាសឲ្យដឹងថា នៅទីក្រុងដែលមានពលរដ្ឋ២០លាននាក់នេះបានរក្សាច្បាប់បម្រាមគោចរនៅ៩៧តំបន់ប៉ុណ្ណោះដែលមានអ្នកឆ្លង ក្រៅពីនេះ ក៏បានផ្តល់សិទ្ធិសេរីភាពវិញ៕ដោយ៖ធី រីណា