ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាលមើលគ្លីនិក សុធារិទ្ធបែកចាន ទារលុយ ជិត១ពាន់ដុល្លារគ្រាន់តែសេរ៉ូម១ប្លោកនិងរុំរបួសដូចជាហួសហេតុពេកទេដឹង?

ចែករំលែក៖

ខេត្តកណ្តាល ៖ គ្លីនិកឯកជនយីហោ «សុធារិទ្ធបែកចាន» នៅស្រុកអង្គស្នួល ខេត្តកណ្តាល បានបង្កឲ្យមានការរិះគន់ជាខ្លាំង ចំពោះការចេញវិក្កយបត្រលើសពីការពិតដោយគ្មានអាសូរដល់អ្នកក្រ ដោយគិតលុយពីអ្នកជំងឺជាប្តីប្រពន្ធ២នាក់ ជិត១ពាន់ដុល្លារ ដែលហាក់ជ្រុលហួសប្រមាណ ខណៈជនរងគ្រោះប្តីប្រពន្ធបានអះអាងថា ពួកគាត់គ្រាន់តែរងរបួសស្រាលរលាត់ដៃជើង និងមុខមាត់ ប៉ុណ្ណោះ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងកាលពីយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០។

យោងតាមគណនីហ្វេសប៊ុក បានបង្ហោះឲ្យដឹងថា៖ «ក្លីនិកឯកជនឈ្មោះ«សុធារិទ្ធបែកចាន» នៅស្រុកអង្គស្នួល ខេត្តកណ្ដាល បានជំរិតទារលុយពី អ្នកជំងឺ២នាក់ប្តីនិងប្រពន្ធ ជាទឹកប្រាក់៧៥០ដុល្លារ ដោយពួកគាត់រងរបួសដោយគ្រោះថ្នាក់ចរាចរណ៍រងរបួសស្រាល ដោយរលាត់ដៃជើងនិងមុខមាត់នៅយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០នេះ> ។

 ក្រុមគ្រូពេទ្យនៅគ្លិនិក នោះបានសរសេរនៅក្នុង វិក្កយបត្រ ថាជនរងគ្រោះទាំង២នាក់ បាក់ដៃ និងបាក់ជើង និង បានព្យាបាលលាងរបួស បន្តោងសេរ៉ូមម្នាក់១កំប្លោក រួចរុំដៃជើង និងរួចទារលុយចំនួន៧៥០ដុល្លារ បង្ខំឲ្យជនរងគ្រោះយកលុយមកបង់ថ្លៃពេទ្យ ជាបន្ទាន់ បើដោះស្រាយមិនទាន់ត្រូវទុកម៉ូតូនៅទីនោះ ចាំយកលុយមកគ្រប់ចំនួនចាំដោះស្រាយគ្នា។

ជនរងគ្រោះអះអាងថា គាត់របួស រលាត់ស្បែក តែប៉ុណ្ណោះមិនបានបាក់ដៃជើងនោះទេ ហេតុអ្វីគ្រូពេទ្យសរសេរថា “គាត់២នាក់ប្តីប្រពន្ធបាក់ដៃនិងបាក់ជើងទៅវិញ រួចទារលុយជិត១.០០០ដុល្លារ គាត់អ្នកក្រីក្រមានលុយឯណា ទៅបើច្រើនម្លឹងៗ..។ល។ ខ្ញុំសូមទទូចដល់ក្រសួងសុខាភិបាលកម្ពុជា មេត្តាចុះត្រួតពិនិត្យមើល គ្លីនិកមួយនេះផង។ សូមប្អូនជួយចែករំលែកផង សូមអរគុណ!” ។

 ទន្ទឹមនេះផងដែរ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានសម្តែងនូវការហួសចិត្តយ៉ាងខ្លាំង ដោយក្នុងនោះ ពួកគាត់បានបញ្ចេញឲ្យគ្រប់គ្នាបានដឹងធាតុពិតថា៖ «ល្បីណាស់ពូ ពេទ្យនៅម្តុំបែកចាននឹង ល្មមដុះក្អែលចេញម្តងហើយ ជួបផ្ទាល់បានដឹង, ប្តឹងទៅបើខូចម្លឹងៗ! មិនដឹងធ្វើស៊ីអ្នកផ្សេងទៀតយ៉ាងណាទេ?»៕  ដោយ៖នរិន្ទ្រ


ចែករំលែក៖