ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរលួចសត្វគោ នៅតែអុកឡុកពេញស្រុកសំពៅលូន

ចែករំលែក៖

ខេត្តបាត់ដំបង៖ ក្រុមចោរជំនាញលួចសត្វគោអ្នកស្រុកសំពៅលូន នៅតែបន្តការលួចយ៉ាងសកម្មដោយមិនខ្លាចសមត្ថកិច្ច ដែលនាំឲ្យពលរដ្ឋមានការភ័យខ្លាច ហើយករណី​នេះ​មិនមែនជា​រឿង​ថ្មី​នោះទេ​នៅ​ក្នុង​ស្រុក​​នេះ​ ។

ករណីលួចសត្វគោខាងលើនេះ បានកើតឡើង​កាលពី​វេលា​ម៉ោង​៣​​ទៀបភ្លឺ​ថ្ងៃទី​០៦​ ខែឧសភា​ ឆ្នាំ​២០២០ ​ត្រង់ចំណុច​អូរ​ព្រ​ហ៊ូ​ត​ ស្ថិត​ក្នុងភូមិ​ប្រឡាយ​ប្រាក់​ឃុំ​អង្គរ​បាន ​ស្រុក​សំពៅ​លូន​ ខេត្ត​បាត់ដំបង​។ ​

ម្ចាស់​គោ​មានឈ្មោះ​សួស​ ម៉ៅ ​ភេទ​ប្រុស​ អាយុ​៧១​ឆ្នាំ ​រស់នៅ​ក្នុងភូមិ/​ឃុំ​កន្លែងកើតហេតុ​ខាងលើ​។

​តាមសម្តីម្ចាស់​គោ​ជា​ជនរងគ្រោះ​ បាន​​ប្រាប់សមត្ថកិច្ចថា​ សត្វ​គោ​របស់​គាត់​ មាន​វ័យ​ពេញជំទង់​ ហើយកាលពី​យប់​កើត​ហេតុ​ គាត់​បាន​ចង​នៅ​ក្នុង​រោង​ក្បែរ​ផ្ទះ​ដូច​សព្វដង ​រហូតដល់​វេលា​ជិត​ភ្លឺ​បាន​ឮ​សំឡេង​ប្លែក​ដែរ ប៉ុន្តែ​មិន​ចាប់អារម្មណ៍​ ។ លុះ​ព្រឹក​ឡើង​ទើប​ដឹងថា​បាត់គោ​ ក៏​នាំគ្នា​ដើរ​រក​រហូត​ប្រទះឃើញ​ងាប់​នៅ​ក្បែរ​មាត់​អូរ​ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​គាត់​ប្រមាណ​៤០០​ម៉ែត្រ​ ហើយ​ត្រូវបាន​ក្រុមចោរពន្លះ​យក​អស់​ភ្លៅ​ជើង​ខាង​ក្រោយ​ម្ខាង​បាត់​ហើយ​ដែរ ​។​

​បច្ចុប្បន្នសមត្ថកិច្ច​ កំពុង​បន្ត​ការស្រាវជ្រាវតាមចាប់ខ្លួនក្រុមចោរទាំងនោះ​ ដើម្បី​យកមកអនុវត្ត​ទោស​តាម​ច្បាប់​៕

ដោយ៖ហេង នរន្រ្ទិ


ចែករំលែក៖