ខេត្តបាត់ដំបង៖ ក្រុមចោរជំនាញលួចសត្វគោអ្នកស្រុកសំពៅលូន នៅតែបន្តការលួចយ៉ាងសកម្មដោយមិនខ្លាចសមត្ថកិច្ច ដែលនាំឲ្យពលរដ្ឋមានការភ័យខ្លាច ហើយករណីនេះមិនមែនជារឿងថ្មីនោះទេនៅក្នុងស្រុកនេះ ។
ករណីលួចសត្វគោខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចអូរព្រហ៊ូត ស្ថិតក្នុងភូមិប្រឡាយប្រាក់ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ម្ចាស់គោមានឈ្មោះសួស ម៉ៅ ភេទប្រុស អាយុ៧១ឆ្នាំ រស់នៅក្នុងភូមិ/ឃុំកន្លែងកើតហេតុខាងលើ។
តាមសម្តីម្ចាស់គោជាជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា សត្វគោរបស់គាត់ មានវ័យពេញជំទង់ ហើយកាលពីយប់កើតហេតុ គាត់បានចងនៅក្នុងរោងក្បែរផ្ទះដូចសព្វដង រហូតដល់វេលាជិតភ្លឺបានឮសំឡេងប្លែកដែរ ប៉ុន្តែមិនចាប់អារម្មណ៍ ។ លុះព្រឹកឡើងទើបដឹងថាបាត់គោ ក៏នាំគ្នាដើររករហូតប្រទះឃើញងាប់នៅក្បែរមាត់អូរដែលមានចម្ងាយពីផ្ទះគាត់ប្រមាណ៤០០ម៉ែត្រ ហើយត្រូវបានក្រុមចោរពន្លះយកអស់ភ្លៅជើងខាងក្រោយម្ខាងបាត់ហើយដែរ ។
បច្ចុប្បន្នសមត្ថកិច្ច កំពុងបន្តការស្រាវជ្រាវតាមចាប់ខ្លួនក្រុមចោរទាំងនោះ ដើម្បីយកមកអនុវត្តទោសតាមច្បាប់៕
ដោយ៖ហេង នរន្រ្ទិ