ភ្នំពេញ៖ គិតមកដល់ព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ នេះ នៅសល់អ្នកជំងឺកូវីដ១៩ ចំនួន ២នាក់ទៀត មិនទាន់ជាសះស្បើយ។ អ្នកជំងឺទាំងពីរនោះ ជាជនជាតិខ្មែរ នៅខេត្តកំពង់ឆ្នាំង និងនៅខេត្តបន្ទាយមានជ័យ ត្រូវបានក្រសួងសុខាភិបាល សម្រេចបញ្ជូនអ្នកជំងឺទាំងពីរ មកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឆ្លើយតបនឹងអ្នកកាសែតថា ស្ថានភាពអ្នកជំងឺទាំងពីរនេះ មិនធ្ងន់ទេ តាមសភាពទូទៅរបស់អ្នកជំងឺ តែវីរុសនៅមានក្នុងខ្លួនគាត់នៅឡើយ។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា «ថ្ងៃនេះ ក្រសួង បានសម្រេចឲ្យបញ្ជូនមកបន្តការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតទាំងពីរនាក់ហើយ។ វីរុសនេះ យើងពិបាកនឹងដឹងណាស់ ដោយសារអ្នកទាំងពីរ ម្នាក់ជាបុរសវ័យ ៧៥ឆ្នាំ មានបញ្ហាសុខភាពប្រចាំកាយ និងម្នាក់ទៀតជាស្ត្រីវ័យ ៣៦ឆ្នាំ មានបញ្ហាប៉ះពាល់ផ្លូវចិត្ត តម្រូវឲ្យមានការពិនិត្យព្យាបាលនៅមន្ទីរពេទ្យថ្នាក់ជាតិបន្តទៀត»។
លោកស្រីរដ្ឋលេខាធិការ ឱ វណ្ណឌីន បញ្ជាក់បន្ថែមថា «ជូនពរពួកគាត់ ឲ្យបានឆាប់ជាសះស្បើយ ពេលមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ដូច្នេះហើយ សូមបងប្អូនប្រជាពលរដ្ឋ លោកបន្តការប្រុងប្រយ័ត្នការពារការចម្លងរលកទីពីរនៃវីរុសកូវីដ-១៩ នេះជាចាំបាច់ ត្រូវចងចាំថា៖ “យើងអាចភ្លេចវីរុសកូវីដ-១៩ តែវីរុសកូវីដ-១៩ មិនដែលភ្លេចយើងនោះទេ”»។
គិតត្រឹមព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ កម្ពុជានៅបន្តរក្សាចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១២២នាក់ ហើយមានអ្នកព្យាបាលជាសះស្បើយសរុបចំនួន ១២០នាក់៕ហេង សូរិយា