កូរ៉េខាងជើង៖ នេះជាលើកទីពីរហើយដែលមេដឹកនាំ កូរ៉េខាងជើង គីម ជុងអ៊ុន ផ្ញើលិខិតជូនពរប្រធានាធិបតី ចិន ស៊ី ជីនពីងពាក់ព័ន្ធកូវីដ១៩។
សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយនៅថ្ងៃទី៨ខែឧសភាថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានផ្ញើលិខិតទៅកាន់ប្រធានាធិបតីចិន ស៊ី ជីនពីង ជូនពរដែលគ្រប់គ្រងស្ថានភាពឆ្លងរាលដាលកូវីដ១៩ បានជោគជ័យ។ នៅក្នុងសារជូនពរ លោកគីម ជុងអ៊ុន បញ្ជាក់ថា ប្រធានាធិបតីចិន ចាប់បានឱកាសក្នុងការយកឈ្នះ នៅក្នុងសង្គ្រាមប្រឆាំងកូវីដ១៩។
សារព័ត៌មាន កូរ៉េខាងជើងមិនបានបញ្ជាក់ថា បានផ្ញើសារទៅកាន់មេដឹកនាំចិន នៅពេលណានោះឡើយ។ នេះជាលើកទីពីរហើយដែលមេដឹកនាំ គីម ជុងអ៊ុនបានផ្ញើសារជូនពរ ប្រធានាធិបតី ស៊ី ជីនពីង ពាក់ព័ន្ធសង្គ្រាមប្រឆាំងកូវីដ១៩។ កាលពីចុងខែមករាឆ្នាំ២០២០ លោក គីម ក៏បានផ្ញើសារជូនពរផងដែរ។
ទំនាក់ទំនងរវាង កូរ៉េខាងជើង និងចិន កាន់តែជិតស្និទ ក្រោយពេលប្រធានាធិបតី ស៊ី ជីនពីង បំពេញទស្សនកិច្ចទីក្រុងព្យុងយ៉ាងនៅខែមិថុនាឆ្នាំ២០១៩។ នោះជាដំណើរទស្សនកិច្ចលើកទីមួយ ទៅកាន់កូរ៉េខាងជើង របស់ប្រមុខដឹកនាំចិន ក្នុងរយៈពេល១៤ឆ្នាំកន្លងមក៕